ភ្នំពេញ : នៅសាលចតុមុខមង្គល ទីស្តីការក្រសួងពត៌មាន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មានរៀបចំសិក្ខាសាលាស្ដីពីការពិគ្រោះយោបល់លើសេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លេី សេចក្តីព្រាង ” ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ” ដែលបានតាក់តែងឡើងដោយផ្អែកលើធាតុចូល និងមតិយោបល់របស់អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន។
យោងតាមសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានប្រមូលធាតុចូលកន្លងមកនេះ បានកត់ត្រានូវក្របខណ្ឌនៃការងារប្រចាំថ្ងៃរបស់ខ្លួន ដែលអ្នកសារព័ត៌មានត្រូវអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ ត្រូវប្រកាន់ខ្ជាប់នូវការប្រតិបត្តិកាតព្វកិច្ចនិងការទទួលខុសត្រូវ។
យ៉ាងណាក៏ដោយកិច្ចទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាននៅក្នុងសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ នឹងមានការផ្លាស់ប្តូរ រឺថែមថយ ខណៈមានសមាគមអ្នកសារព័ត៌មានចំនួន ៧បានចូលរួមផ្លាស់ប្តូរមតិយោបល់ទៅលើសេចក្តីព្រាងនោះដែលមកពី ៖
១-) តំណាងអង្គការយូណេស្កូ
២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)
៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)
៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន
៥-) សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន
៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង
៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានអញ្ជើញចូលរួម។
សូមបញ្ជាក់ដែរថា គោលបំណងនៃការបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានេះគឺដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នេីបងប្អូន អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់អោយបាននូវសីលធម៌ជាអ្នកសារព័ត៌មាន ព្រោះសារព័ត៌មានមាន ដេីរតួនាទីសំខាន់ណាស់ ព្រោះសារព័ត៌មានជាអំណាចទី៤ គឺអំណាចសង្គម។
បន្ថែមពីនេះឯកឧត្តមក៏បានបន្ថែមអោយអ្នកសារព័ត៌មានត្រូវសិក្សាបំពេញបន្ថែមពីចំណេះដឹងផ្នែកសារព័ត៌មាន និងការអនុវត្តន៍អោយមានសណ្ដាប់ធ្នាប់សារព័ត៌មាន ស្របទៅតាមធម្មនុញ្ញសារព័ត៌មាន ដេីម្បីដេីរអោយទាន់សម័យកាល ជីឌីថល និងបច្ចេកវិទ្យាAI ។
ក្រៅពីនេះក៏បានកំណត់ផងដែរនូវទិដ្ឋភាពក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ប្រកបដោយតុល្យភាព និងមានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពជឿជាក់ និងទុកចិត្តក្នុងសង្គមជាតិទាំងមូល សំដៅលើកកម្ពស់វិស័យព័ត៌ មានដែលជាអំណាចទី៤ តាមគន្លងមាគ៌ានៃសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងការរួមចំណែក ការពារ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ក្រោយពេលដែលធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នោះនិងធ្វើអោយបរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជាព្រមទាំងធានាបានលំហនិងសន្តិសុខព័ត៌មាននៅប្រទេសកម្ពុជា៕