(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន១២០នាក់មកពីស្ថាប័នចំនូន៦៩ ពិធីសន្និសីទសារព័ត៌មាននេះបានរៀបចំនៅទីស្ដីការក្រសួងយុត្តិធម៌។
សន្និសីទសារព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានពន្យល់យ៉ាងលម្អិតអំពីដំណើររឿង និងគ្រប់ដំណាក់កាលរបស់ស្ថាប័នតុលាការ រហូតសម្រេចឃុំខ្លួនជនដៃដល់ ស្រី ស៉ីណា ជាបណ្ដោះអាសន្ន។
ជនល្មើស ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សពីរនាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា រួមមាន៖ ១៖ បទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ ឆ្នាំ, ២៖បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ១៥ឆ្នាំ និង៣៖បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ។
ជាមួយគ្នានេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឲ្យមានសេរីភាពវិញ នូវបុគ្គលពីររូបទៀត រួមមានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើ លទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជនអតីតឧកញ៉ា ស្រី ស៊ីណា នឹងជាប់គុកត្រឹមតែពី១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភាន់ច្រឡំប៉ុណ្ណោះ ខណៈករណីនេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នា ហើយសំណុំរឿងនីមួយៗប្រឈមការជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុប។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏សម្តែងការខកចិត្តចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានយកឃាតកម្មសម្លាប់ម្ចាស់បំណុល នៅខេត្តកណ្តាលទៅប្រៀបធៀបជាមួយនឹងករណីឃាតកម្មបង្កឡើងដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាការបំភ្លៃការពិតបង្កើតឱ្យមានការភាន់ច្រឡំ និងបញ្ឆេះការឈឺចាប់នៅក្នុងសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការទទួលខុសត្រូវ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំក៏មានការខកចិត្តចំពោះអ្នកឆ្លៀតឱកាសមួយចំនួន ដែលដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការភាន់ច្រឡំ ក្នុងចំណោមមហាជន ក៏ជាបំភ្លៃការពិតទាំងស្រុងដោយគ្មានការទទួលខុសត្រូវ ទី១៖ ការលើកឡើងថា ករណីនេះជាប់គុកតែពី ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យមានការភាន់ច្រឡំ តាំងពីថ្ងៃទី១ ព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺបានបញ្ជាក់យ៉ាងច្បាស់ឈ្មោះនេះ បានចោទប្រកាន់ក្នុង ២សំណុំរឿងដាច់ដោយឡែកពីគ្នា មានន័យថាសាលក្រមពីរដាច់ដោយឡែកពីគ្នា….!»។
ត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា បើសាលក្រមមួយអាចមានទោសរហូតដល់១៥ឆ្នាំ តើយើងអាចនិយាយថាជននេះអាចមានទោសត្រឹម១៥ឆ្នាំអត់? បើមានសាលក្រមចំនួនពីរ ដូច្នេះ លោកសូមស្នើសុំថា ការលើកឡើងនេះតែមួយជ្រុង ហើយបន្ទរតាមគ្នា ហើយការបន្ទរតាមគ្នានេះចេះតែធ្វើបន្តទៅទៀតបង្កើតឱ្យមានការភាន់ច្រឡំកាន់តែខ្លាំង ទោះបីជាមានសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលដំបូងរាជធានីភ្នំពេញ ក៏ដោយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្វីដែលជាការពិតលើទិដ្ឋភាពច្បាប់ ករណីនៃការបាញ់ប្រហារត្រូវបានចោទប្រកាន់ក្នុងពីរសំណុំរឿងដាច់ដោយឡែកពីគ្នា ហើយសំណុំរឿងនីមួយៗ អាចប្រឈមនឹងការដាក់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ដូច្នេះ សូមស្នើសុំម្តងហើយម្តងទៀត ជូនដល់អ្នកសារព័ត៌មាន និងបងប្អូនជនរួមជាតិដែលលេងបណ្តាញសង្គម មេត្តាជួយផ្សព្វផ្សាយព័ត៌មាន ឱ្យបានពិតប្រាកដ និងឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការភាន់ច្រឡំក្នុងចំណោមសាធារណជន។
នៅក្នុងសំណុំរឿងឃាតកម្មដ៏សាហាវនេះដែរ, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណចំពោះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបំបែកសំណុំរឿងជាពីរ ចំពោះករណីឧក្រិដ្ឋជន ស្រី ស៊ីណា។ ការបំបែកសំណុំរឿងជាពីរបែបនេះ នឹងនាំឱ្យឧក្រិដ្ឋជន ស្រី ស៊ីណា ទទួលរងទោសជាប់ពន្ធនាគាររយៈពេលវែង៕
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1