ភ្នំពេញ : ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦ ចំនួន៥០០០ នាក់ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៣១ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន” (០៣ ឧសភា ១៩៩៣ – ០៣ ឧសភា ២០២៤)។ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។

ជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ គឺក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ជំនួបថ្ងៃនេះ អាចចាត់ទុកបានថា ជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើង។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងអ្នកសារព័ត៌មានជាតិ ទទួលស្វាគមន៍ដំណើរមកដល់ និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១ ក្នុងឱកាសដែលសម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ពិធី “សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤” ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ជំនួបជាមួយអ្នកសារព័ត៌មានលើកទី៦នាពេលនេះ បង្ហាញពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្ថាប័ន និងអ្នកព័ត៌មាន និងជាការបន្តអនុវត្តនូវកេរដំណែលរបស់សម្ដេចតេជោ ហ៊ុន សែន ។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព។ដើម្បីឲ្យអំណាចទីបួនមានឥទ្ធពលដល់សារព័ត៌មានពិតនោះ គឺយើងត្រូវធ្វើព័ត៌មានប្រកបដោយវិជ្ជាជីវៈ ព័ត៌មានពិត សុក្រឹត្យ និងច្បាស់លាស់ ដោយពុំមែនជារឿងប្រឌិតនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់យកលុយគេឲ្យសោះ ខណៈទង្វើបែបនេះវានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មានដទៃទៀត ហើយមួយវិញទៀតការធ្វើបែបនេះក៏វាអាចបាត់បង់នូវឥទ្ធិលនៃអំណាចទីបួនរបស់ អ្នកសារព័ត៌មានផងដែរ។

វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។

ជាការពិតណាស់ វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់បំផុតក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ, ការបង្ហាញអំពីតថភាពសង្គម, ការអភិវឌ្ឍ ជាពិសេសជាកញ្ចក់ឆ្លុះយ៉ាងសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការកែប្រែភាពអសកម្ម, ភាពអវិជ្ជមាន ឬបញ្ហាខ្វះខាតផ្សេងៗ ដើម្បីនឹងកែលម្អឱ្យល្អប្រសើរ ។ អ្វីដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ វិស័យសារព័ត៌មាន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាដែលបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានទៅគ្រប់មជ្ឈដ្ឋាន និងទូលំទូលាយនោះ គឺដោយសារប្រទេសជាតិមានសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនដល់ប្រជាពលរដ្ឋ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញការអនុវត្តភារកិច្ចប្រកប​ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈអាជីពរបស់អ្នកសារព័ត៌មាន ចំពោះការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងទាន់ពេលទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការពាំនាំព័ត៌មានពីរាជរដ្ឋាភិបាល និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងពាំនាំព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ ដើម្បីជាផលប្រយោជន៍សង្គម សុខដុមរមនាសង្គម និងចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed