ខេត្តកំពង់ស្ពឺ : នៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិតំណាងឲ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាននាំយកនូវថវិកាឧបត្ថម្ភគ្រួសារសព ក្នុងពិធីគោរពវិញ្ញាក្ខន្ធ និងបូជាសពយោធិនទាំង ២០នាក់ ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ក្នុងពិធីគោរពវិញ្ញាក្ខន្ធ និងបូជាសពយោធិនទាំង ២០នាក់ ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ មានការចូលរួមពីរឯកឧត្តមលោកជំទាវ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ នាយទាហានពលទាហានកងយោធពលខេមរៈភូមិន្ទ និងសាច់ញាតិសព ព្រមទាំងមន្ត្រីរាជការជាច្រើនបានចូលរួមនៅការគ្រប់វិញ្ញាណក្ខន្ធនេះផងដែរ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះគឺជាការបាត់បង់នាយទាហាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម ដោយបានចូលរួមធ្វើពលិកម្មដ៏មោះមុតក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសានជីវិត។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ : ក្នុងនាមរដ្ឋមន្ត្រីការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំង ២០នាក់ សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ