សមាគមសារព័ត៌មានចំនួន១៤ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍សារព័ត៌មាននៅកម្ពុជា
2023-02-28 03:31pm
(ភ្នំពេញ)៖ សហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានទាំង១៣ទៀត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសអំពីការឯកភាពជាឯកច្ឆ័ន្ទ ក្នុងចងសម្ព័ន្ធភាពជាមួយគ្នា ចាប់ពីពេលនេះតទៅ ដើម្បីសហការរួមគ្នាបំពេញតួនាទីភារកិច្ចដែលអាច រួមចំណែកបម្រើដល់ផលប្រយោជន៍សហគមន៍អ្នកសារព័ត៌មាននៅកម្ពុជា និងបម្រើដល់ឧត្តមប្រយោជន៍ជាតិ។
ថ្នាក់ដឹកនាំជាតំណាងសមាគមសារព័ត៌មានទាំង១៤ ក៏បានចុះ «អនុស្សារណៈយោគយល់គ្នា» សម្រាប់ជាមូលដ្ឋានត្រីវិស័យ និងជាក្រមប្រតិបត្តិរបស់សម្ព័ន្ធភាព ដោយបានឱ្យឈ្មោះកិច្ចសហការនេះថា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»។
សេចក្តីប្រកាសបានបញ្ជាក់ថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅ មកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
លោក ហ៊ុយ វណ្ណៈ ប្រធាន ស.ស.ស.ក បានគូសបញ្ជាក់ថា «គំនិតផ្ដួចផ្ដើមឱ្យមាន សម្ព័ន្ធភាពសមាគមសារព័ត៌មានកម្ពុជានេះ គឺបានកើតឡើងនៅបន្ទាប់ពីជំនួបលើកទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានកម្ពុជានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ នេះគឺជាទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា ដែលសមាគមសារព័ត៌មាន ចំនួន១៤ បានខិតខំប្រឹងប្រែងរហូតអាច រួមគ្នាជាធ្លុងមួយ ហើយឈានទៅចុះអនុស្សារណៈយោគយល់គ្នាបង្កើតបានជាសម្ព័ន្ធភាពដ៏ធំ មានចក្ខុវិស័យ និងសកម្មភាពការងារច្បាស់លាស់»។
លោកមានជំនឿថា សម្ព័ន្ធភាពនេះប្រាកដជាអាចរួមគ្នាធ្វើការងារបានច្រើនបន្ថែមទៀតសម្រាប់សង្គមជាតិ។
បន្ទាប់ពីការចុះ អនុស្សារណៈនេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា នឹងស្នើសុំកម្មវិធីចូលជួបសម្តែងការគួរសម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលអនុសាសន៍ដឹកនាំបន្ថែម។ ជាមួយគ្នានេះដែរ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានអះអាងថា ខ្លួននៅបើកចំហទទួលស្វាគមន៍សមាគម សារព័ត៌មាននានាបន្តទៀត មកចូលរួមសកម្មភាពការងារក្នុង «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

Byrmnasia

Mar 1, 2023

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed