ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចផ្នែកជំនាញរដ្ឋបាលព្រៃឈើបានឃាត់ខ្លួនបុគ្គលិកម៉ូតូផាកពីរនាក់កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៣ក្រោយបង្ក្រាបឈើទ្រង់ទ្រាយធំមួយដែលលួចលាក់ដោយខុសច្បាប់ក្នុងទីតាំងទីលានប្រណាំងរថយន្តនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ចំណែកលោកទូចរស្មីដែលជាម្ចាស់ទីតាំងខាងលើកនេះមន្ត្រីជំនាញមិនទាន់ចាត់វិធានការនៅឡើយទេ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦-១៧ខែ កុម្ភៈ ឆ្នាំ២០២៣ កម្លាំងចម្រុះខេត្តដឹកនាំដោយលោកព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីចុះពិនិត្យ ស្រាវជ្រាវ រកឃើញបទល្មើសប្រមូលផល អនុផលព្រៃឈើ ជិត ក្រុមហ៊ុន១២ Motor Park និងក្នុង បរិវេណក្រុមហ៊ុន១២ Motor Park ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះមន្ត្រីជំនាញបានរឹបអូករថយន្តតាកុងដែលជាមធ្យោបាយបង្កបទល្មើសចំនួនពីរគ្រឿងនិងម៉ូតូមួយគ្រឿង។ក្រៅពីនេះរកឃើញឈើអារចម្រុះនិងគល់ឈើ ចំនួនបីទីតាំង។ទីតាំងទី១.គល់ឈើជាច្រើនត្រូវបានគេកាត់យកដើមនៅក្នុងព្រៃនៅចំណុចនិយាមការលេខ ៧៤១៣៦៦- ១៣៩១៦០៦ នៅក្រៅបរិវេណក្រុមហ៊ុន១២ Motor Park ដោយឃើញមានស្មាមដានឡានប៉ាកុង ដឹកចូលគំនរទីតាំងស្តុកឈើចូលក្នុងរបងក្រុមហ៊ុន១២ motor park។

ទីតាំងទី២.មន្ត្រីជំនាញរកឃើញឈើអារប្រភេទលេខមួយចំនួន៣១២ សន្លឹក ស្មើនឹងជាង ១១ម៉ែត្រគូប(បានកែឆ្នៃជាតុ) ឈើអារប្រភេទលេខមួយចំនួន៤២សន្លឹក ស្មើនឹងជាង១ម៉ែត្រគូប(ឈើសន្និធិ) កៅអីតុក្កតាមុខកាត់០.៣០ម៉ែត្រ កំពស់០.៥០ម៉ែត្រ ចំនួន១៣០កំណាត់។ ឈើដែលបានរកឃើញទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។

ទីតាំង៣.រកឃើញឈើអារប្រភេទលេខមួយចំនួន៧៣៦សន្លឹក ស្មើនឹងជាង៧ម៉ែត្រគូប(ឈើសន្និធិ) និងបានយកទៅកែច្នៃធ្វើជារបងរួចចំនួន៤០០សន្លឹក ស្មើនឹង ៣ម៉ែត្រគូប នៅចំណុចនិយាមការលេខ ៧៤១៩២៣,១៣៩២៤៣៤ ។ ឈើដែលបានរកឃើញ ទាំងអស់នេះ ក្រុមការងារពុំបានដកហូតនោះទេ។

ក្រៅពីកឃើញឈើទាំងអស់ខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួនពីរនាក់ នៅចំណុចពីរទីតាំងផ្សេងគ្នាដែលមាននិយាមការលេខ ទីមួយនៅ១៧៤១៩២៣,១៣៩២៤៣៤ ទីពីរនៅចំណុចនិយាមការលេខ៧៤១៩៩២,១៣៩២៥១៧ ។ដើម្បីកសាងសំនុំរឿងតាមនិតិវិធីនៃច្បាប់ព្រៃឈើ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *