អ៊ីស្តង់ប៊ុល ៖ ក្រសួងការពារជាតិទួរគី បានប្រកាសថា អគ្គិភ័យដ៏ធំមួយនៅកំពង់ផែ របស់ប្រទេសទួរគីស្ថិតនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃច័ន្ទ បានរលត់ហើយ នៅព្រឹកនេះ។

កុងតឺន័រដឹករាប់រយត្រូវឆេះ ហើយបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើមេឃ។

ក្រុមសេវាសង្គ្រោះបន្ទាន់ មានការលំបាកក្នុងការពន្លត់អគ្គិភ័យ ដោយសារតែការខូចខាតពីការរញ្ជួយដី។

ក្រសួងការពារជាតិ ទួរគី ក៏បាននិយាយកាលពីថ្ងៃពុធថា កប៉ាល់ទួរគីបានបញ្ជូនសម្ភារៈជំនួយទៅកាន់កំពង់ផែ។

គេមិនទាន់ដឹងថា តើនៅពេលណាទើបកំពង់ផែអសចបើកឡើងវិញ សម្រាប់កប៉ាល់អន្តរជាតិចូលចត ព្រោះត្រូវឆ្លងកាត់ការត្រួតពិនិត្យឡើងវិញ។

នៅក្នុងគ្រោះមហន្តរាយនេះដែរ ក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិត បានរសាត់បាត់អស់រលីង ខណៈដែលក្រុមជួយសង្គ្រោះដែលលាតសន្ធឹងនៅក្នុងប្រទេសទួរគី និងស៊ីរីស្វែងរកសញ្ញានៃជីវិតនៅក្នុងកម្ទេចកម្ទីអគាររាប់ពាន់ដែលត្រូវបានដួលរលំដោយការរញ្ជួយដីដ៏សាហាវបំផុតរបស់ពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគី និងនៅក្នុងប្រទេសស៊ីរី បានកើនឡើងដល់១២ ០០០នាក់។

ប្រធានាធិបតីទួរគីលោក បានទៅពិនិត្យលើខេត្តមួយ ដែលមានជនរងគ្រោះច្រើនជាងគេ និងជាកន្លែងមានមនុស្សស្លាប់៣ ៣០០នាក់។ ចំណែកអ្នកស្រុកនៅក្នុងតំបន់ទីនោះ បានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាល និងត្អូញត្អែរពីកង្វះខាតឧបករណ៍ ជំនាញ និងជំនួយកសង្គ្រោះ ដល់អ្នកជាប់គាំង ដែលពេលខ្លះគេអាចឮសំឡេងស្រែកហៅឲ្យជួយក៏ដោយ។

ទិដ្ឋភាពពិបាក និង​ការ​ត្អូញត្អែរ​ស្រដៀង​គ្នា​នេះ​ ក៏កើតមាននៅ​ភាគខាងជើង​ ប្រទេស​ស៊ីរី​ដែរ ។

ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិបានសារភាពថា រដ្ឋាភិបាលខ្វះសមត្ថភាព និងខ្វះសម្ភារៈ ដោយសារសង្គ្រាមស៊ីវិល ជាង១០ឆ្នាំនៅក្នុងប្រទេសស៊ីរី ក៏ដូចជាការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

លោកប្រធានាធិបតី ទួរគី បានទទួលស្គាល់ការខ្វះខាតក្នុងការឆ្លើយតបទៅនឹងការរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ ហើយលោកនិយាយទៀតថា ភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយ និងអាកាសធាតុរដូវរងា ក៏ជាកត្តាបង្កការលំបាកផងដែរ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed