ភ្នំពេញ : នៅថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងាររដ្ឋបាលឆ្នាំ២០២៣ ក្នុងគោលបំណងដូចខាងក្រោម៖
• បង្ហាញឱ្យឃើញពីសមិទ្ធផលទាំងឡាយ ដែលបានខិតខំធ្វើ ហើយបានសម្រេច
• កំណត់អំពីបញ្ហាប្រឈមដែលកើតមាន និងស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវសម្រាប់បញ្ហាទាំងនោះ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ និង
• កំណត់ទិសដៅផែនការសកម្មភាពការងារ នាពេលខាងមុខឱ្យបានច្បាស់លាស់ ដែលជាសកម្មភាពចូលរួមចំណែក ក្នុងកម្មវិធីនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលឱ្យបានសម្រេចជាផ្លែផ្កាដ៏ត្រចះត្រចង់។
អង្គសន្និបាតក៏បានយកខ្លឹមសារលិខិតលេខ ០០៧៨ កយ.អគរត/២៣ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ មកជម្រាបជូនសមាជិក សមាជិកាអង្គសន្និបាត និងពិភាក្សាផងដែរ។ ក្នុងខ្លឹមសារលិខិតគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ទេរសិទ្ធិជូនក្រសួងយុត្តិធម៌ ក្នុងការប្រមូលចំណូលប្រាក់ពិន័យនៅសាលាជម្រះក្ដីរាជធានី-ខេត្ត ក្នុងរយៈពេលអន្តរកាល។ ជាមួយគ្នានេះក្រសួងយុត្តិធម៌ បានប្រគល់ភារកិច្ចជូនអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្នុងការប្រមូលប្រាក់ចំណូលជំនួសឱ្យរតនាគាររាជធានី-ខេត្ត ក្នុងរយៈពេលអន្តរកាលនេះ។
អង្គសន្និបាតប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia