ភ្នំពេញ ៖ ស្ត្រីអាយុ៤០ឆ្នាំម្នាក់ ដែលអះអាងថា ចាញ់បោកក្រុមហ៊ុន យូនីស៊ីធី (UNISITY) អស់ប្រាក់មួយសែនបួនម៉ឺនដុល្លារ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងជនជាតិបរទេសម្នាក់ និងខ្មែរបីនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ក្នុងករណីឆបោកជាបណ្តាញនេះ។

យោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដែលសារព័ត៌មានយើងទើបទទួលបាន បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហោ តាំងហ៊ី ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខB7 ផ្លូវ២០៧ ភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
បានប្ដឹងតំណាងក្រុមហ៊ុន យូនីស៊ីធី បួននាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយអះអាងថា អ្នកស្រីចាញ់បោកគេអស់ប្រាក់ចំនួនមួយសែនបួនម៉ឺនដុល្លារ។

ពាក្យបណ្ដឹងបានរៀបរាប់អត្តសញ្ញាណតំណាងក្រុមហ៊ុនទាំងបួននាក់ ដែលមានឈ្មោះ កាង ជីវ៉ិន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិកូរ៉េ មានតួនាទីជាប្រធានក្រុមហ៊ុន យូនីស៊ីធី ដែលមានអាសយដ្ឋាន អគារ VIEW PARK លេខ៥៦៨ ជាន់ទី២ ផ្លូវ១៩៦ កែងផ្លូវលេខ៥៦៦ ក្នុងភូមិមួយ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនជាតិខ្មែរបីនាក់ទៀត ដែលជាបុគ្គលិកក្រុមហ៊ុន យូនីស៊ី មានឈ្មោះ បៀន សំណាង ភេទប្រុស, ឈ្មោះ ហែម សុគន្ធារី ភេទស្រី និងឈ្មោះ សាវ៉ាត វិន ភេទស្រី។

អ្នកស្រី ហោ តាំងហ៊ី បានស្នើសុំក្នុងពាក្យបណ្តឹងឲ្យឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសជនឆបោកទាំងបួននាក់ និងទាមទារប្រាក់ចំនួនមួយសែនបួនម៉ឺនដុល្លារ ព្រមទាំងប្រាក់សំណងជំងឺចិត្តចំនួនប្រាំម៉ឺនដុល្លារផងដែរ។

អ្នកស្រីបានបញ្ជាក់ថា តំណាងក្រុមហ៊ុនយូនីស៊ីធីទាំងបួននាក់ តែងតែសន្យាសងប្រាក់មកអ្នកស្រីវិញ ប៉ុន្តែពន្យាពេលមិនចេះចប់មិនចេះហើយ ដោយប្រើមធ្យោបាយភូតកុហកគ្រប់រូបភាព ធ្វើឲ្យអ្នកស្រីខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។

អ្នកស្រី ហោ តាំងហ៊ី បានជម្រាបជូន ឯកឧត្ដមព្រះរាជអាជ្ញាថា កាលពីអំឡុងខែមករា ឆ្នាំ២០២១ មានតំណាងក្រុមហ៊ុន យូនីស៊ីធី ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ បានមក ទំនាក់ទំនងនាងខ្ញុំឲ្យចូលជាតំណាងចែកចាយកាត់ស្ដុកជាឱសថព្យាបាលពីក្រុមហ៊ុនយូនីស៊ីធី ដោយតម្រូវឲ្យខ្ញុំបានដាក់លុយចំនួន១៤០,០០០ដុល្លារ បានជាតំណាងចែកចាយទូទាំងប្រទេស២៥ខេត្តក្រុង ពេលនោះនៅដំណាក់កាលទី១ នាងខ្ញុំក៏បានដាក់លុយទៅឲ្យក្រុមហ៊ុនចំនួន២០,០០០ដុល្លារ ហើយខាងក្រុមហ៊ុន ក៏បានប្រគល់ទំនិញឲ្យមកនាងខ្ញុំដើម្បីលក់បន្តគ្រប់ចំនួនទាំងអស់ លុះដល់ដំណាក់កាលទី២ ខាងក្រុមហ៊ុនតម្រូវឲ្យនាងខ្ញុំដាក់លុយចំនួន១៤០,០០០ដុល្លារ និងទទួលតំណែង PD និងទទួលបានប្រាក់ខែ១០,០០០ដុល្លារ និងប្រគល់ទំនិញចែកចាយមកឲ្យខ្ញុំបាទគ្រប់ចំនួន១៤០,០០០ដុល្លារ ដោយមានការទុកចិត្តទៅលើក្រុមហ៊ុន នាងខ្ញុំក៏បានលក់ផ្ទះ លក់ដី និងរថយន្ត ព្រមទាំងគ្រឿងអលង្ការ ដើម្បីបានប្រាក់ចំនួន១៤០,០០០ដុល្លារ ប្រគល់ឲ្យទៅក្រុមហ៊ុននៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១។

សូមរំឭកថា ក្នុងករណីឆបោកប្រាក់ជាបណ្តាញនេះដែរ នគរបាលស្រុកត្រាំកក់ ខេត្តតាកែវ កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសពីរនាក់ ជាតំណាងក្រុមហ៊ុន យូនីស៊ីធី ពីបទឆបោកប្រាក់ប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពត និងខេត្តតាកែវ អស់ប្រាក់រាប់ម៉ឺនដុល្លារ តាមរយៈការឃោសនាអូសទាញប្រជាពលរដ្ឋនៅតាមជនបទឲ្យដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនរបស់ពួកគេ។

នគរបាលស្រុកត្រាំកក់ បានចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ ដោយយោងតាមបណ្តឹងពីប្រជាពលរដ្ឋបួននាក់ ដែលបានប្តឹងបុរសពីរនាក់ជាតំណាងចែកចាយរបស់ក្រុមហ៊ុន យូនីស៊ីធី មានឈ្មោះ ជៀន វុទ្ធី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប និងឈ្មោះ ឈិន វ៉េត អាយុ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។

ម្ចាស់បណ្តឹងទាំងបួននាក់នោះ មានឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត បានអះអាងថា ចាញ់បោកប្រាក់អស់ចំនួន២៨ ០០០ដុល្លារ និង៦លានរៀល, ឈ្មោះ ណុប ចាន់ណា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពតចាញ់បោកអស់ប្រាក់៣៨៣០០ដុល្លា, ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ចាញ់បោកប្រាក់អស់ប្រាក់៧ ០០០ដុល្លារ និងឈ្មោះ ស៊ឹម ហ៊ីម ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ចាញ់បោកអស់ប្រាក់ចំនួន៤០ ០០០ដុល្លារ៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed