ភ្នំពេញ ៖ នា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តារាកំប្លែង ខាត់ ចំរើន បានទទួលមរណភាព នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជំងឺគាំងបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរ។
តារាពហុជំនាញ ខាត់ សុឃីម ដែលត្រូវជាបងស្រីបង្កើតរបស់តារាកំប្លែង ខាត់ ចំរើន បានថ្លែងប្រាប់ ឲ្យដឹងថា ប្អូនប្រុសរបស់ខ្លួនបានសន្លប់បាត់ស្មារតីអស់រយៈពេលមួយថ្ងៃ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណា ក៏មិនអាចជួយបានដែរ ពោលគឺនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ ខាត់ ចំរើន បានទទួលមរណភាព ដោយសារតែគាំងបេះដូង។
លោក ខាត់ ចំរើន ជាតារាកំប្លែង និងជាអ្នកច្រៀងតាមពិធីមង្គលការ និងពិធីកាត់សក់ កន្លងមកលោកធ្លាប់បានទម្លាយឱ្យដឹងថា រូបលោកកំពុងតែមានជំងឺ «ថ្លើម» ដែលទាមទារឲ្យលោកត្រូវការព្យាបាលជាចាំបាច់។
សូមជម្រាបថា ពិធីបុណ្យសពលោក ខាត់ ចំរើន នឹងត្រូវបារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ក្នុងបុរីពន្លឺថ្មី ភូមិត្រពាំងព្រាយ ភ្នំបាសិត ខណ្ឌព្រែកព្នៅ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធលោក ខាត់ ចំរើន បានទៅកាន់ទីឋានស្ងប់សុខ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
https://www.rmn.asia