លោកជំទាវ ប៉ាង ដានី ចុះសួរសុខទុក្ខ និងចែកអំណោយរដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋដែលកំពុងបិទខ្ទប់ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ០៩គ្រួសារ នៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង​ នឹងជម្ងឺកូវីដ ១៩ បានដឹកនាំក្រុមការងារ រដ្ឋបាលសាលាក្រុងកំពង់ចាម និងរដ្ឋបាលសង្កាត់ទាំង ៤ ចុះសួរសុខទុក្ខ និងចែកអំណោយ របស់រដ្ឋបាលខេត្តកំពង់ចាម ដល់ប្រជាពលរដ្ឋ ដែលកំពុងបិទខ្ទប់ និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន ០៩គ្រួសារ ក្នុងនោះ នៅសង្កាត់សំបួរមាស ចំនួន ០៦គ្រួសារ នៅសង្កាត់វាលវង់ ចំនួន ០១គ្រួសារ និងសង្កាត់បឹងកុក ចំនួន ០២គ្រួសារ ។ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ដោយអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត «៣ការពារ និង៣កុំ ខណៈដែល អ្នកឆ្លងកូវីដ-១៩ ក្នុងខេត្តកំពង់ចាម កំពុងកើនឡើង ។ ជាមួយនោះ ក្នុងកំឡុងពេល កំពុងចត្តាឡីស័កនេះដែរ បងប្អូនកុំចេញដើរ ឲ្យសោះ ដើម្បី ចូលរួមជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ កុំឲ្យឆ្លងរាលដាល ទៅក្នុងសហគមន៍ ដោយសារ នាបច្ចុប្បន្ន តែចំនួនអ្នកឆ្លងជម្ងឺនេះ នៅក្នុងខេត្តកំពង់ចាម បានកើនឡើងដល់ទៅជាង ៨០០នាក់ ហើយ បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភា នេះ ។ លោកជំទាវ បញ្ជាក់ថា ជនរងគ្រោះជម្ងឺកូវីដ ១៩ ខាងលើនេះ គឺភាគច្រើន ជាកម្មករ កម្មការិនី ធ្វើការងារនៅតាមបណ្តារោងចក្រ ។ ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានសម្រេចផ្អាកផ្នែកខ្លះៗ នៃរោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជម្ងឺទៅព្យាបាល រីឯអ្នកអ្នកប៉ះពាល់ផ្ទាល់ ក៏បានបញ្ជូនទៅធ្វើចត្តាឡីស័ក ផងដែរ ។ នាឱកាសនោះ លោកជំទាវ និងក្រុមការងារ បាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ទាំង ០៩គ្រួសារ ដោយ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី១កេស ត្រីខ ១យួរ ។ ដោយឡែក ប្រជាពលរដ្ឋ១គ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំង លោកជំទាវ ប៉ាង ដានី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ចំនួន ៤ម៉ឺនរៀល ព្រះចៅអធិការវត្តនគរបាជ័យក្រៅ ក៏បានចូលរួម អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ផងដែរ៕ប្រព័ន្ធផ្សព្វផ្សាយ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *