លោកជំទាវ ម៉ែន សំអន និងអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីភាពរឹងមាំ ទាំងនយោបាយ និងវិនិយោគ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ
————————
ភ្នំពេញ: លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឲ្យភាគីអូស្ត្រាលីបន្តផ្តល់អារហាររូបករណ៍ ដល់មន្រ្តីរាជការ សិក្សាមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។

Byrmnasia

Mar 1, 2022

ការបញ្ជាក់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ១២រោច ខែមាឃ ឆ្នាំឆ្លូវ ពសគរាជ២៥៦៥ ក្នុងគ្រាដែលលោកជំទាវឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម ប៉ាប៊ូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ។

ឯកឧត្តម Pablo Kang បានបង្ហាញក្តីរីករាយ ដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតិឲ្យ ជំនួបនៅថ្ងៃនេះ។ ឯកឧត្តម បានបន្តថា ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី បានរួមគ្នា យកចិត្តទុក្ខដាក់លើការយកចិត្តទុកដាក់លើបញ្ហាយែនឌ័រ និងផ្តោតការលើកតម្កើងស្ត្រីនៅក្នុងវិស័យមួយចំនួន ដោយផ្តោតលើបញ្ហាស្ត្រី ក្នុងក្របខណ្ឌសន្តិសុខ និងសន្តិភាព និងការរៀបចំគោលនយោបាយក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារផងដែរ ។

ឯកឧត្តមបានបន្តទៀតថា ឆ្នាំនេះ ជាខួបលើកទី ៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងអូស្ត្រាលី ហើយក៏ជាឆ្នាំដ៏សំខាន់ដែលប្រទេសទេសអូស្ត្រាលី ក៏ដូចជាប្រទេសកម្ពុជា និងពិភពលោក កំពុងរួមគ្នាទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ (អូមីក្រុង) ។ ក្នុងនោះប្រទេសអូស្ត្រាលីក៏បានផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខាសុខាភិបាល ក៏ដូចជា ទូរក្សាវ៉ាក់សាំងដល់កម្ពុជាផងដែរ ។

ឯកឧត្តម អគ្គរដ្ឋទូត ក៏មានសង្ឃឹមផងដែរថា កម្ពុជា អាចចូលរួមក្នុងការផ្តល់ការគាំទ្រទៅនឹងគំនិតផ្តួចផ្តើមមួយរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េ ដែលជាការរៀបចំ ជាសេចក្តីថ្លែងការណ៍ ជាអ្នកដឹកនាំស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់នារី លើក្របខណ្ឌកិច្ចប្រជុំកំពូល (East Asia Submmit) ។

ចំណែកឯសំណើរទាក់ទងនឹងការផ្តល់អាហាររូបកណ៍ដល់មន្ត្រីរាជការនៅក្រសួង បានទទួលការសិក្សានៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ឯកឧត្តម ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា បានសុំទុកពិភាក្សា និងជូនដំណឹងនៅពេលក្រោយ ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត បានស្វាគមន៍ និងសម្ដែងការអបអរសាទរ ចំពោះឯកឧត្តម Pablo Chiho Kang ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ប្រទេសអូស្ត្រាលី ដែលបានជួយដល់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed