ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលចុះបង្រ្កាបដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា៖ បើទោះបីជាកាលៈទេសៈនេះក្នុងបរិបទជម្ងឺកូវីដ-១៩ ក៏ពិតមែន តែមិនបង្កឲ្យមានការរាំងស្ទះនូវកិច្ចប្រតិបត្តិរបស់សមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះឡើយ ។ ជាក់ស្តែងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីរបស់ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

លោក និងលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះអនុវត្តវិធានការជំនាញនៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងដកហូតមាន៖ ១/-ម្សៅក្រាមសថ្លា ២ដុំ, ២/-ទូរស័ព្ទចំនួន ១គ្រឿង ។

លោកស្នងការរង បានបញ្ជាក់ថា៖ ក្រោយពីការសួនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាលយើងបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន៖ ១/-ម្សៅក្រាមសថ្លា ១ដុំ, ២/-ទូរស័ព្ទចំនួន ១គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់ និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន២ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងសួរនាំនៅការិយាល័យប្រឆាំងគ្រឿញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការាតមនិតិវិធី ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed