ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងមានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តកណ្តាល, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ សហការយ៉ាងយកចិត្តទុកដាក់ និងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, រាជធានីភ្នំពេញ និងខេត្តកណ្តាល និងខេត្តព្រៃវែង បានស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបករណី ឃាតកម្ម គិតទុកជាមុន (សម្លាប់រួចយកសាកសពទៅកប់ចោល) ចំនួន០២ទីតាំង ផ្សេងពីគ្នាជនរងគ្រោះ ០២នាក់ (ស្រី, ប្រុស) កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានឱ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណី ប្រទះឃើញ សាកសពដែលគេកប់ក្នុងដី ដែលមានសភាពហើយស្អុយ ចំនួន០២ទីតាំងផ្សេងពីគ្នា៖
១-ទីតាំងទី១ នៅចំណុចខាងក្រោយ ឆៃណាថោន ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ LI HONG ហៅ Da Da ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩២ កាន់លិខិតឆ្លងដែនលេខៈ EH48085068។
២-ទីតាំងទី២ នៅចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះជាជនជាតិអាស៊ី ភេទស្រី អាយុប្រហែលជា២០ឆ្នាំ ទៅ២៥ឆ្នាំ មានកំពស់១,៥៥ម៉ែត្រ សម្បុរស សក់ពណ៌ទង់ដែង មិនទាន់កំណត់បានអត្តសញ្ញាណ។

លោកឧត្តមសេនីយ៍ទោ បានបន្តថាតាមការពិនិត្យវិភាគរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត យើងអាចសន្និដ្ឋានបានថាៈ ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពីអំពើ ឃាតកម្ម ដោយជនសង្ស័យបានសម្លាប់ជនរងគ្រោះ រួចទើបយកសាកសពទៅកប់ចោល។ សេចក្តីសន្និដ្ឋានជំហានដំបូង៖ ចំពោះករណី ឃាតកម្ម (សម្លាប់រួចយកសាកសពទៅកប់ចោល) ទាំង ០២ករណី ខាងលើនេះ ឆ្លងតាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះទាំង ០២នាក់ ព្រមទាំងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីស្លាកស្នាមអំពើដែលជនសង្ស័យសម្លាប់ជនរងគ្រោះ រួចយកទៅកប់ចោលក្នុងដីនៅទីកន្លែងផ្សេងពីគ្នា គឺជាករណីតែមួយ។

បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះទាំង ០២នាក់ បានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្ថែមចាប់ពីមានហេតុការណ៍ប្រទះឃើញសាកសព នៅថ្ងៃទី ២១រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៍ មកសួរបំភ្លឺ សរុបចំនួន ១៤នាក់ ក្នុងនោះ៖ ប្រុស ១២នាក់ ជនជាតិចិន និងស្រី២នាក់ (ជនជាតិចិន១ នាក់ និងជនជាតិវៀតណាម១នាក់) ហើយក្នុងចំណោមជនសង្ស័យនិងអ្នកពាក់ព័ន្ធហេតុការណ៍ទាំង ១៤នាក់ ដែលកម្លាំងសមត្ថកិច្ចយើងសំរេចឃាត់ខ្លួន អ្នកដែលជាប់ពាក់ព័ន្ធចំនួន១១នាក់ និងមនុស្ស ០៣នាក់ទៀត (បុរសជនជាតិចិន១នាក់, នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណី នេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅវិញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថាសមត្ថកិច្ចបង្ក្រាបបាន៖ ករណីឃាតកម្ម មានចំនួន ០៦នាក់ៈ ១-ឈ្មោះ HE JI HUI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
២-ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញ កុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៤-ឈ្មោះ YI CONG YONG ហៅDAO DAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកក្រុមហ៊ុន ជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ មិនពិតប្រាកដ។
៥-ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរ សន្តិសុខ ក្រុមហ៊ុន ជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EG7273520 មានទីលំនៅ មិនពិតប្រាកដ ។
៦-ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូ័ទរ ស៊ីងហឺឆឹង លិខិតឆ្លងដែនលេខៈ EJ2970802 មានទីលំនៅ មិនពិតប្រាកដ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ករណី ចាប់ឃុំបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូលសន្និធិអាវុធដោយខុសច្បាប់ មានជនសង្ស័យ០៥នាក់ ជាប់ពាក់ព័ន្ធបន្ថែមទៀត៖
១-ឈ្មោះ PENG JIN LONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកក្រុមហ៊ុនជំនាញកុំព្យូទ័រ ស៊ីងហឺឆឹង លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
២-ឈ្មោះ CHEN WEI WEN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនមុខរបរ អ្នកគ្រប់គ្រងផ្នែកទិញឥវ៉ាន់ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៣-ឈ្មោះ YANG WEI HENG ហៅ A WEI ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
៤-ឈ្មោះ LI WEI SONG ហៅ A JUN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសន្តិសុខ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
៥-ឈ្មោះ WEI YA QI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងកាមេរ៉ា ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ហើយជនសង្ស័យទាំង០៦នាក់ ដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន ក្នុងករណី ឃាតកម្ម ក៏ជាក្រុមតែមួយជាមួយនិងជនសង្ស័យទាំង ០៥នាក់ នេះដែរ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់បន្ថែមថាជាក់ស្តែងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៥០នាទី កម្លាំងសមត្ថកិច្ចយើងក៏ធ្វើការរំដោះបានជនរងគ្រោះ០៣នាក់ ដែលត្រូវបានក្រុមជនសង្ស័យ ចាប់បង្ខាំងទុកនៅក្នុងបន្ទប់មួយ នៃក្រុមហ៊ុន ស៊ីងហឺឆឹង របស់ជនសង្ស័យ ។

ជនរងគ្រោះរំដោះបានចំនួន ទាំង០៣នាក់ ១-ឈ្មោះ XIANG LENG XIANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ២-ឈ្មោះ BIAN YUE YANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ និង៣-ឈ្មោះ LIU YAY YAO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

ចំពោះមនុស្ស ០៣នាក់ទៀត (បុរសជនជាតិចិន១នាក់, នារីជនជាតិចិន១នាក់ និងនារីជនជាតិវៀតណាម១នាក់) គឺមិនជាប់ពាក់ព័ន្ធនិងករណី ឃាតកម្មគិតទុកជាមុន (សម្លាប់រួចយកសាកសពទៅកប់ចោល) និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់ នេះឡើយ ទើបធ្វើការអប់រំឲ្យត្រឡប់ទៅវិញ ដោយទទួលបានការអនុញ្ញាតិពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ កាំភ្លើងវែង ០១ដើម ម៉ាកAK ពណ៌ខ្មៅ មានលេខសម្គាល់ៈ 1967, បង់កាំភ្លើងAK ចំនួន០២, គ្រាប់កាំភ្លើងAK ចំនួន ៣៧គ្រាប់, កាំភ្លើងខ្លី ០២ដើម៖(១-ម៉ាក ZORAKI 925-AUTO ពណ៌ប៉ារ៉ា មានលេខសម្គាល់ៈ 2100858 បង់កាំភ្លើងចំនួន០២, ២-ម៉ាក NP22 មានលេខសម្គាល់ៈ A098482 បង់កាំភ្លើង១ (ឧបករណ៍បាញ់សម្លាប់ជនរងគ្រោះ)), គ្រាប់កាំភ្លើងខ្លីប្រភេទ 9mm ចំនួន៨៥គ្រាប់, ខ្នោះដៃ០៤គូរ, ពិលឆក់០៣គ្រឿង, ដំបងដែក០២ដើម, រថយន្ត ០៣គ្រឿងៈ (១-ម៉ាក LEXUS RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AR-5403 (មធ្យោបាយជិះធ្វើសកម្មភាព), ២-ម៉ាក TUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ព្រះសីហនុ 2A-5320 (មធ្យោបាយជិះធ្វើសកម្មភាព), ៣-ម៉ាក LANDCRUISER ពណ៌ស ពាក់ស្លាក)។

សេចក្តីសន្និដ្ឋានរួម៖ ឆ្លងតាមការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីនេះ ឃើញថាៈ ករណីនេះកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (នេះបើយោងតាមសាក្សីនៅជុំវិញកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ) រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឃើងប្រទះឃើញសាកសពរបស់ជនរងគ្រោះដែលកប់ចោល ពោលគឺរយៈពេល ១០ថ្ងៃក្រោយពេលកើតហេតុ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ រួចរាល់ហើយ។ ចំពោះសេសសល់ដែលរត់គេចខ្លួន០២នាក់ទៀត ជាជនជាតិចិន ភេទប្រុស កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានកណ្តាលសន្តិសុខ យ៉ាងយកចិត្តទុកដាក់ និងយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed