ត្រៀមបញ្ជូនប៉ូលិសក្លែងក្លាយ៤នាក់ដើរអុកឡុកពលរដ្ឋទៅតុលាការ
(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីត្រៀមបញ្ជូនប៉ូលិសក្លែងក្លាយចំនួន៤នាក់ដែលដើរអុកឡុកប្រជាពលរដ្ឋទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ជឹមស៊ីថា អធិការខណ្ឌដង្កោបានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១ថា៖សមត្ថកិច្ចចាប់ជនសង្ស័យចំនួន៤នាក់ក្លែងជាមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន។ជនសង្ស័យឈ្មោះ កេត នីវីយ៉ា អាយុប្រហែល៣០ឆ្នាំនិងបក្ខពួកចំនួន៣នាក់ទៀត។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងរថយន្តអត់ផ្លាក លេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋានភូមិគំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ ។
លោកអធិការបន្តថា៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែងបានចុះទៅសាកសួរ តែខាងជនសង្ស័យដែលគ្រោងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានកាតសម្គាល់ជានគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដោយមានពាក់ឋានន្តរស័ក្កសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី។
ជនសង្ស័យទាំង៤នាក់រួមវត្ថុតាងឯកសណ្ឋាននគរបាលជាតិនិងកាតសម្គាល់ខ្លួន របស់ជន សង្ស័យកម្លាំងនគរបាលខណ្ឌដង្កោប្រគល់ទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕វណ្ណរា