បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនដែលបានបាញ់ប្រពន្ធរបស់ខ្លួនឲ្យរងរបួសជាទម្ងន់ ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ: ករណីនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ ប្រើអាវុធខ្លីបាញ់អតីតប្រពន្ធខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាហេតុការណ៍នេះកើតឡើងកាលពីម៉ោងជិត៧យប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ បង្កដោយជនសង្ស័យដែលអតីតប្តីរបស់ជនរងគ្រោះ បានប្រើអាវុធខ្លី បាញ់ទៅអតីតប្រពន្ធ បណ្តាលឲ្យត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ហើយជនសង្ស័យរត់គេចខ្លួនបាត់ ។
ក្រោយហេតុការណ៍លោកឧត្តមទោស្នងការក៍បានបញ្ជាកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៏ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ ៤ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រួចធ្វើការហុំព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលជនសង្ស័យសម្ងំលាក់ខ្លួន និងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចអាគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះ ហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែលជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួច និងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ រួចបាននាំជនសង្ស័យនិងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។
ជនរងគ្រោះឈ្មោះ ផង់ សុភាព ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ) រងរបួសត្រូវ១គ្រាប់ ចំទ្រូងខាងឆ្វេងរបួសធ្ងន់ ។
ជនសង្ស័យឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី ២៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន៖
កាំភ្លើងខ្លី១ដើមម៉ាក K54 ពណ៌ខ្មៅ ឈូសលេខ បង់១ និងគ្រាប់ចំនួន៦គ្រាប់ ៕