អគ្គីភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ
ភ្នំពេញ : នៅវេលាម៉ោង ៦:៤៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គីភ័យឆាបឆេះនៅផ្ទះប្រជាពលរដ្ឋដែលមានអាស័យដ្ឋានផ្ទះលេខ២៣៧២ សង្កាត់ស្រះចកខណ្ឌដូនពេញ។
ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានការចូលរួមពីកំលាំងអគ្គីភ័យក្រុងភ្នំពេញ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ។
ក្នុងប្រតិបត្តិការនេះប្រជាការពារខណ្ឌដូនពេញម្នាក់បានសន្លប់បាត់បង់ស្មារតី(ដោយសារប្រជាពលរដ្ឋបាញ់ផ្សែងបំពង់ពន្លត់អគ្គីភ័យត្រូវ)ក្នុងពេលចូលទៅជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ។
ក្រោយពីហេតុការនេះកើតឡើង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជូនជនរងគ្រោះទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាពចតុមុខ ខណ្ឌដូនពេញ។
សូមបញ្ជាក់ថា អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុងនៅវេលា ម៉ោង ៧:១៥នាទីយប់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សួង សារ៉ូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ជាមន្ត្រីចូលនិវត្ត ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចអាជ្ញាធរនិងកម្លាំងពន្លត់អគ្គិភ័យ មកអន្តរាគមន៍ក្នុងហេតុការណ៍មួយនេះទាន់ពេលវេលាហើយសម្ភារៈខូចខាត បណ្តាលឲ្យឆាបឆេះ ថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១២ម៉ែត្រ ខូចខាតសម្ភារៈ ឆេះកុំព្យូទ័រ មួយគ្រឿង សម្ភារៈមួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប, រថយន្តជំនួយមកទីក្រុងជ្រោយចង្វារ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១៩និង១៥នាទីយប់នាថ្ងៃដដែរ៕