សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដើម្បីកាត់ផ្តាច់ និងបិទបញ្ចប់អាវុធនយោបាយដ៏ពិសពុលរបស់ក្រុមជ្រុលនិយម

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការដកព្រះរាជាណាចក្រកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។ 

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ 

យើងខ្ញុំសូមចូលរួមជាមួយបងប្អូនជនរួមជាតិពីគ្រប់មជ្ឈដ្ឋាន សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការដកព្រះរាជាណាចក្រកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។ 

ការសម្រេចចិត្តនេះប្រកបដោយស្មារតី និងមនសិការស្នេហាជាតិដ៏អង់អាចមោះមុតនេះ ស្តែងឱ្យឃើញនូវការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជោគវាសនារបស់ជាតិ និងការតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋ និងបន្សាបនូវរាល់ឥទ្ធិពលឧបាយកលដ៏ស្មោកគ្រោករបស់ក្រុមអគតិជ្រុលនិយមមួយចំនួនតូច ដែលតែងព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រ ដើម្បីកេងចំណេញ និងបម្រើឱ្យនយោបាយទុច្ចរិតរបស់ខ្លួន តាមរយៈការឆ្កឹះយកប្រធានបទអំពីតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA បកធ្វើជាឧបករណ៍នយោបាយ ក្នុងការសាបព្រួស មនោគមវិជ្ជាដ៏គ្រោះថ្នាក់សំដៅបង្កអស្ថិរភាព និងអសន្តិសុខ ឈានទៅបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃសុខ សន្តិភាព និងឯកភាពជាតិ ដែលត្រូវបានកសាងឡើងដោយពលិកម្មដ៏លំបាកអស់រយៈពេលជិត៣០ឆ្នាំ កន្លងមកនេះ ។ 

យើងខ្ញុំចាត់ទុកការសម្រេចប្រកបដោយសុភវិនិច្ឆ័យគ្រប់ជ្រុងជ្រោយនេះ គឺជាការកាត់ផ្តាច់ និងបិទបញ្ចប់អាវុធនយោបាយដ៏ពិសពុល ដែលត្រូវបានប្រើប្រាស់ដើម្បីមូលបង្គាច់ និងវាយប្រហារចំពោះ រាជរដ្ឋាភិបាល និងបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការភ័ន្តច្រឡំមកលើរាជរដ្ឋាភិបាលថា បានកាត់ទឹកដីឱ្យប្រទេសជិតខាង ហើយញុះញង់បំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនកា ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិកន្លងទៅថ្មីៗនេះ។ 

ទន្ទឹមនេះ យើងខ្ញុំប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកិច្ចសហប្រតិបត្តិការតាមយន្តការ ដែលមានស្រាប់ដទៃទៀតជាមួយប្រទេសជិតខាងទាំងក្នុងក្របខ័ណ្ឌរទ្វេភាគី, តំបន់, CLMV, ACMECS, GMS និងជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *