ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានណែនាំអភិបាលរាជធានី-ខេត្ដ ចាត់វិធានការ ចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈ ដោយគ្មាន សណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅមូលដ្ឋានសុខាភិបាលឯកជន។
យោងតាមលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា មួយរយៈកាលកន្លងមកក្រសួងសុខាភិបាល ធ្លាប់ធ្វើសេចក្ដីណែនាំ ច្រើនលើកច្រើនសារ រួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវគ្រប់គ្រាន់ ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការ បញ្ជូនជូនជនរងគ្រោះ។
ឯកឧត្តមរដ្ឋមន្ដ្រី បញ្ជាក់ថា «ក្នុងន័យនេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំ ដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានស្នើឱ្យអភិបាលរាជធានី-ខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះ បម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ច រៀងៗខ្លួន ឱ្យបានកាន់តែប្រសើរឡើង ថែមទៀត ដើម្បីចាត់វិធានការ តាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia