ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ – ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំ ណែនាំ និងតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ផលអវិជ្ជមាន ដល់សន្តិសុខជាតិ នៅសាលចតុម្មុខមង្គល ទីស្ដីការក្រសួងព័ត៌មាន ។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយក្នុងការផ្សព្វផ្សាយ និងបញ្ជូនព័ត៌មានពិត ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា–ថៃ ដល់ដៃប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ដោយមានប្រសិទ្ធភាពក្នុងការបន្សាបព័ត៌មានក្លែងក្លាយ និងបំភ្លៃពីភាគីម្ខាងទៀត។

ការវាយតម្លៃនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ផ្ដល់ឡើង ក្នុងកិច្ចប្រជុំណែនាំ និងតម្រង់ទិសអំពីការផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កផលអវិជ្ជមានដល់សន្តិសុខជាតិ ។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងតំណាងប្រមាណ ២០០ រូប មកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មាន៕








