រាជធានីភ្នំពេញ : ក្រោមអធិបតីភាព ឯកឧត្តម ជួប សុខុន សមាជិក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
នាព្រឹកថៃ្ងព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកម្មវិធីវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីមន្ត្រីថ្នាក់ក្រុង មន្ទីរពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ពិធីនេះរៀបចំឡើងនៅក្នុងទីធ្លាបរិវេណវត្តអរុណវត្តី ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខ្លួននៅខណ្ឌពោធិ៍សែនជ័យ ដើម្បីទទួលយកសំណើ សំណូមពរ ពីប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យលទ្ធភាពឆ្លើយតបជូន។ ឆ្លៀតក្នុងឱកាសបើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានី អាណត្តិ៤ ឯកឧត្តម ជួប សុខុន បានចូលរួមធ្វើការដោះស្រាយនិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នៅបញ្ហាទូទៅ បញ្ហាសន្តិសុខ និងបញ្ហាផ្សេងៗដែលកើតមានផងដែរ។
បញ្ហារបស់បងប្អូនប្រជាពលរដ្ឋគឺជាបញ្ហារបស់រាជរដ្ឋាភិបាល ដូច្នេះក្នុងនាមរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងចូលរួមគ្រប់សកម្មភាពលើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ភូមិ ឃុំ សង្កាត់ ហើយជាពិសេសធ្វើយ៉ាងណាត្រូវតែបន្តរក្សាឲ្យបាន នៅភូមិឃុំមានសុវត្ថិភាព និងការអភិវឌ្ឍន៍ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវរក្សាឲ្យបាន និងការពារដាច់ខាត នៅសន្តិភាពមួយនេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយមានសមាសភាពចូលរួមក្នុងវេទិកាចំនួន ៥៤២នាក់ ស្រ្តីចំនួន៩៩នាក់ ក្នុងនោះប្រជាពលរដ្ឋបាន សំណូមពរផ្ទាល់មាត់ចំនួន១៣នាក់ ស្មើនឹង ១៩ បញ្ហា និងសំណូមពរលាយលក្ខណ៍អក្សរទទួលបានចំនួន ១០០ច្បាប់។
នាឱកាសនោះឯកឧត្តម ជួប សុខុន បានពន្យល់ និងឱ្យមន្ត្រីជំនាញតាមមន្ទីរពាក់ព័ន្ធ បកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ដើម្បីឲ្យយល់ដឹងពីនីតិវិធី ឈានទៅរកដំណោះស្រាយ ។ជាមួយនេះដែរឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងជាតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីមូលដ្ឋានសង្កាត់ខណ្ឌក៏បានចូលរួមធ្វើការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។