ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នា២០២៤ ឯកឧត្តម ងុយ រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង និង ហុីង សុីដេតលោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមជាមួយថ្នាក់ដឹកនាំ ក្រុមការងារ មានលោក ហ៊ត រដ្ឋាចៅសង្កាត់ លោក គល់ យី ប្រធានគណៈបក្សប្រជាជនកម្ពុជាសង្កាត់ត្រពាំងក្រសាំង ព្រមទាំងក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារចុះជួយសង្កាត់ត្រពាំងក្រសាំងទាំងអស់ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ វត្តអរុណវត្តីដែល ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តម ហុីង សុីដេត និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារ ក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលយកមគ្គផល ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។
ក្រោយពីព្រះសង្ឃសូត្រមន្ត សម្តែងធម្មទេសនា ឯកឧត្តម ងុយ រិទ្ធ ឯកឧត្តម ហុីង សុីដេត លោក ផុន សុផាន លោក ហ៊ត រដ្ឋា លោក គល់ យី ព្រមទាំងសហការីក្រោមឱវាទ បានប្រគេន អង្ករទឹកសុទ្ធ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកសុទ្ធ ត្រីខកំប៉ុង ថវិការសម្រាប់កសាង ចំនួន៥៦០០០០០លានរៀល(5 លាន 60 ម៉ឺនរៀល ) បូកប្រាក់ដុល្លារចំនួន ២០០ ដុល្លារ សម្រាប់ចង្ហាន់ចំនួន១លានរៀល។ ក្រៅពីនេះក៏បានចែកជូនដល់ក្មេងៗម្នាក់ៗទទួលបាន ៣០០០ រៀល ប្រជាការពារចំនួន១០នាក់ ក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល។
គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ គេធ្វើឡើងក្នុងបំណងសំខាន់ៗ៣គឺ៖ ១. ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំង នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ នេះ ត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុង ព្រះពុទ្ធសាសនា ។
២. ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បីបង្កើតនូវសាមគ្គីភាព និង ឯកភាព ឬ ភាពចុះសម្រុងនៃប្រជាជាតិទាំងមូល ។ ដោយសារតាមរយៈបុណ្យនេះ មនុស្ស ដែលមកពីគ្រប់និន្នាការ និង ពីគ្រប់ជីវភាព មកជួបជុំគ្នានៅទីវត្តជាមួយគ្នា បរិច្ចាគទានជាមួយគ្នា សាងក្តីល្អជាមួយគ្នា សមាទានសីលជាមួយគ្នា បរិភោគអាហារជាមួយគ្នា ចែករំលែកគំនិតយោបល់ និងរកដំណោះស្រាយជាមួយគ្នា ចំពោះបញ្ហាទាំងឡាយណាដែលគេមិនចុះសម្រុងគ្នានៅក្នុងជីវិត និង តួនាទី ការងារប្រចាំថ្ងៃ នៃបុគ្គល និងបុគ្គល និងគ្រួសារ ឬ សហគមន៍មួយ និងសហគមន៍ផ្សេងៗ។
៣. ដើម្បីឧទ្ទិសកុសលដល់បុគ្គល (អ្នកខ្លះសំដៅលើប្រេត) ដែលបានលាចាកលោកនេះទៅហើយ ។ ឯកសារនានាក្នុងព្រះពុទ្ធសាសនាអោយដឹងថា បុណ្យនេះត្រូវបានធ្វើឡើងតាំងពីក្នុងសម័យពុទ្ធកាលមកម្ល៉េះ ប៉ុន្តែសម័យនោះគេមិនហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌឡើយ គឺគេហៅថា “បុណ្យបវរណាបច្ច័យបួន ឬ បុណ្យទំនុកបំរុងបច្ច័យបួនចំពោះព្រះសង្ឃ” ដែលពុទ្ធបរិស័ទទាំងឡាយនាសម័យនោះមាននាងវិសាខា និង មហាសេដ្ឋី ឈ្មោះ អនាថបណ្ឌិក ជាដើម ធ្វើឡើងរយៈពេល៣ខែគត់គឺនៅក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងគង់ចាំវស្សា៕