រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ ២០២៥នេះ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ,លោកស្រី មុំ ចាន់ដានី លេខាធិការគណ:កម្មាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ព្រមទាំងក្រុមការងារសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជួយគ្រួសារអ្នកស្រី សឿង សាន់លី អាយុ ៤៣ឆ្នាំ មានជីវភាពខ្វះខាត ព្រមទាំងមានប្តីកើតជំងឺសសៃប្រសាទ និងកូនស្រីកើតជំងឺបេះដូង ។
តាមការរៀបរាប់ពីបងស្រី សឿន សាន់ លី បានឲ្យដឹងថា សព្វថ្ងៃនេះ បងស្រី មានប្តីឈ្មោះ ឈ្មោះ ឡាញ់ រៀម អាយ៤៤ឆ្នាំ បានរងគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្កិចក្បាលកាលឆ្នាំ២០២៥ បណ្តាលឲ្យកើតជំងឺសសៃប្រសាទធ្វើអ្វីមិនកើត និងមានកូនស្រី២នាក់ កូនស្រីច្បងឈ្មោះ មាស ស្រីមាន អាយុ១២ឆ្នាំ មានជំងឺបេះដូងតាំងពីនៅតូចដោយធ្លាប់ទទួលការវះកាត់២ដងរួចហើយ និងកូនស្រីទី២ ឈ្មោះ មាស ស្រីឈីង អាយុ៩ឆ្នាំ រៀនថ្នាក់ទី៤ រាល់ថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ដោយមានមុខរបរលក់ដូរបន្តិចនៅផ្ទះ ។ បងស្រី បន្តថា តាំងពីប្តីកើតជំងឺសសៃប្រសាទ និងកូនស្រីមានជំងឺបេះដូងផង បន្ទុកគ្រួសារ និងថ្លៃព្យាបាលបងស្រីជាអ្នករ៉ាប់រងទាំងស្រុង ធ្វើឲ្យជីវភាពកាន់តែលំបាកពីមួយថ្ងៃទៅថ្ងៃរហូតអស់លទ្ធភាពព្យាបាលកូន ។ ជាមួយគ្នានេះ បងស្រី ក៏បានសូមអរគុណអាជ្ញាធរមូលដ្ឋានតែងជួយជាប់ជាប្រចាំដល់គ្រួសារបងស្រី ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរសុខទុក្ខលំបាករបស់ប្រជពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងសូមបួងសួងវត្ថុស័ក្តសិទ្ធក្នុងលោក តាមបីបាច់ជួយថែរក្សាក្រុមគ្រួសារសម្តេច ជួបតែសេចក្តីសុខ សេចក្តីចម្រើន ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងគ្រួសារ សឿង សាន់លី ប្រកបដោយក្តីនឹករលឹក ព្រមទាំងលើកទឹកចិត្តបងស្រីកុំឲ្យអស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំពង្រឹងស្មារតីរករបរទទួលទានចិញ្ចឹមជីវិតបន្តទៅមុខទៀតដើម្បីអនាគតកូនៗ។
ជាមួយគ្នានេះដែរ លោកស្រីលេខាធិការសាខា បានទទួលយល់ព្រមតាមសំណើររបស់អ្នកស្រី សឿង សាន់លី ចំពោះការផ្ញើកូនៗមកអង្គការជួយចិញ្ចឹមថែរក្សា ដោយផ្តល់កន្លែងស្នាក់នៅ ចំណីអាហារ និងការរៀនសូត្រថែមទៀតផង ។
គួររំលឹកផងដែរថានេះជាលើកទី៣ដែលហើយ ក្រុមការងារកាកបាទក្រហម រាជធានីភ្នំពេញ បានជួយដល់ក្រុមគ្រួសារបងស្រី សឿន សាន់លី មានកូនស្រីចំនួនពីរនាក់ និងប្ដី សតិមិនសូវគ្រប់ នៅក្នុងបន្ទុក កូនស្រីច្បងមានជំងឺសម្ពាធសរសៃបេះដូង។
លើកទី១ កាលពីល្ងាចថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងលោក ផុន សុផាន អនុប្រធានកិត្តិយសអនុសាខា តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជួយឧបត្ថម្ភជូនដល់គ្រួសារបងស្រីព្រមទាំងថវិកាចំនួន១០៦០០០០រៀល។
លើកទី ២ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី អុឹម ថាវី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា តំណាងលោកសក់ច័ន្ទកញ្ញារិទ្ធអភិបាលនៃគណ:អភិបាលខណ្ឌ និងជា ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងក្រុមការងារខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោក សុទ្ធសុជាតិ ចៅសង្កាត់រងទី១ រួមទាំងក្រុមការងារបានចុះសួរសុខទុក្ខកុមារីឈ្មោះ មាស ស្រីមាន អាយុ ១២ ឆ្នាំ ដែលមានជំងឺបេះដូងនឹងបាននាំយកគ្រឿងឧបភោគ បងរិភោគ មួយចំនួននិងថវិកាចំនួន ១.០០០.០០០៛ (មួយលានរៀល)។
ហើយនៅលើកទី៣ នៅថ្ងៃទី០១ ខែមីនាឆ្នាំ ២០២៥នេះ ចំពោះអំណោយមនុស្សធម៌ដែលបាននាំយកមកផ្តល់ជូនសឿង សាន់លី រួមមានគ្រឿងឧបភោគ បរិភោគ សម្ភារៈផ្ទះបាយមួយចំនួនធំនិងថវិកាចំនួន១,០០០,០០០(មួយលានរៀល)ផងដែរ៕











