ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង តាមបណ្តោយផ្លូវលេខ ១០៨ និងផ្លូវជាតិលេខ ២១A ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាល បានណែនាំឲ្យក្រុមការងារបច្ចេកទេសពន្លឿនការសាងសង់ឱ្យរួចរាល់ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ខាងមុខ ដើម្បីជួយរំដោះទឹកភ្លៀង កុំឱ្យលិចនៅមណ្ឌលប្រឡង ដែលអាចបង្កការលំបាក និងប៉ះពាល់ដល់អារម្មណ៍សិស្សានុសិស្ស។

ឯកឧត្តមបន្តថា តំបន់នេះជារឿយៗរងការជន់លិចក្នុងរដូវវស្សា ជាពិសេសនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និង ហ៊ុន សែន សេរីភាព ដែលតែងតែជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការជន់លិចមិនត្រឹមតែបង្កផលវិបាកដល់សិស្សពេលប្រឡងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងបណ្តាលឲ្យខូចខាតសម្ភារៈជារៀងរាល់ឆ្នាំ។

ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមបានស្នើឲ្យក្រុមការងារបន្តសាងសង់ឱ្យបានលឿន ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាថាប្រព័ន្ធលូរំដោះទឹកអាចប្រើប្រាស់បានប្រសើរនិងកាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ និងអ្នកធ្វើដំណើរឆ្លងកាត់ ដោយសារតែការអនុវត្តគម្រោងអាចបង្កឱ្យមានការលំបាកបណ្តោះអាសន្ន។ ទោះជាយ៉ាងណា នៅពេលគម្រោងបញ្ចប់ តំបន់នេះនឹងអាចជៀសផុតពីបញ្ហាជន់លិចដោយទឹកភ្លៀង ដែលតែងតែលេចឡើងជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា គម្រោងនេះមានប្រវែង ៧៩០ម៉ែត្រ ដោយដាក់លូជ្រុងទំហំ ២ម៉ែត្រ x ២ម៉ែត្រ អាចរំដោះទឹកភ្លៀងបានចន្លោះពី ៥,០០០–៦,០០០ ម៉ែត្រគូបក្នុង១ម៉ោង។ បន្ទាប់ពីសាងសង់រួចរាល់ គម្រោងនេះនឹងជួយឲ្យតំបន់ក្រុងតាខ្មៅ មិនទៀតជួបបញ្ហាជន់លិចដោយទឹកភ្លៀងដូចមុនទៀតឡើយ។
ប្រភព៖ ខេត្តកណ្ដាល


