ខេត្តបន្ទាយមានជ័យ :
ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។

កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចែកវិញ្ញាបត្រសម្គាល់ម្ចាស់អចលវត្ថុប្រជាពលរដ្ឋ ចំនួន១០១៥៨បណ្ណ នៅភូមិផ្សារកណ្តាល  ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ក្នុងពិធីនោះអមដំណេីដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត រួមទាំងមន្ត្រីរាជការ ក្នុងខេត្ត ជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថានៅក្នុងនីតិកាលទី៧ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូលនិងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លីដែលមានភាពចម្រូងចម្រាស់រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះនិងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត។

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៦ ចំនុច ដើម្បីបង្កើតបរិយាកាសគ្មានវិវាទសំរាប់ប្រជាពលរដ្ឋគឺ ទី១៖ ត្រូវចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេសអោយបានចប់សព្វគ្រប់ បញ្ចប់វិវាទ ផ្ដល់នូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ ទី២៖ បញ្ហាវិវាទដីធ្លីគឺជារឿងដែលបន្សល់ទុកឱ្យតជំនាន់ ប៉ុន្តែយើងត្រូវរួមគ្នាដោះស្រាយបញ្ចប់អោយអស់ស្របតាមបច្ចេកទេសសុរិយោដីនិងគោលការណ៍ច្បាប់ ទី៣៖ ផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋមានភាពងាយស្រួលដែលអាចប្រើប្រាស់រាល់សេវានានារបស់ក្រសួងតាមរយៈប្រព័ន្ធអនឡាញ ទី៤៖ ត្រូវថែរក្សាបឹងទន្លេសាបសម្រាប់មនុស្សតជំនាន់ ទី៥៖ ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និង ទី៦៖ ត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌ ដែលយុទ្ធសាស្ត្រទាំងនេះ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា និងរស់នៅប្រកបដោយភាពសុខដុមរមនា។

គួរបញ្ជាក់ផងដែរ ភូមិសាស្ត្រក្រុងប៉ោយប៉ែត មានប្រជាជនរស់នៅសរុបចំនួន ២៤,៦៦៤គ្រួសារ មនុស្សរាយ ១០១,៧១២ នាក់ ស្រី ៥៣,០១៩នាក់ 
ប្រជាពលរដ្ឋដែលមានអាយុ ១៨ឡើងចំនួន ៦២,៦៥៧នាក់ ស្រី ៣២,៧៨៧ នាក់ មានប្រជាជនចំណាកស្រុកក្នុងប្រទេស និងក្រៅប្រទេសចំនួន ២,៦៩១នាក់ ស្រី ១,១៦៣នាក់។

  • មានផ្ទៃដីសរុប ២៧,៣១៣.៤២ គីឡូម៉ែត្រការ៉េក្នុងនោះមាន៖
  • ដីលំនៅដ្ឋាន ១៣,៣៤០.៦៦ ហិកតា
  • ដីកសិកម្ម ១២,៦០៤.៦៥ ហិកតា ដីតំបន់សេដ្ឋកិច្ចពិសេស ៧១៨.១១ ហិកតា
    -ដីព្រៃឈើ បឹងបួរ អូរ ៦៥០ ហិកតា
    ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុងប៉ោយប៉ែត ចាប់អនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៨ និងសម្រេចបានលទ្ធផលភូមិដែលបានចុះបញ្ជីរួចមាន ៩ភូមិ សរុបក្បាលដី ៣១,០៣៧ក្បាលដី ក្នុងនោះ៖
  1. ភូមិក្បាលស្ពាន១ មាន ២,៥៤៤ ក្បាលដី
  2. ភូមិក្បាលស្ពាន២ មាន ១,៨៥៨ ក្បាលដី
  3. ភូមិសាមគ្គីមានជ័យ មាន ៦,៨៩៨ ក្បាលដី
  4. ភូមិព្រៃព្រិច មាន ៤,៦៥២ ក្បាលដី
  5. ភូមិបាលិលេយ្យ១ មាន ២,១៩៥ ក្បាលដី
  6. ភូមិបាលិលេយ្យ២ មាន ៣,១៣១ ក្បាលដី
  7. ភូមិប្រជាធម្មលិច មាន ១,៧៦៥ ក្បាលដី
  8. ភូមិប្រជាធម្មកើត មាន ១,៦៦២ ក្បាលដី
  9. ភូមិមិត្តភាព មាន ៦,៣៣៣ ក្បាលដី
    ភូមិទាំង៩ ខាងលើបានចេញវិញ្ញាបនប័ត្ររួចរាល់។

ក្រុងប៉ោយប៉ែត គឺជាក្រុងមួយក្នុងចំណោម ក្រុង/ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ ស្ថិតនៅ ទិសពាយ័ព្យ និងមានចម្ងាយ ៤៨គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានព្រំប្រទល់៖ ខាងជើង ទល់នឹងស្រុកអូរជ្រៅ និងព្រះរាជាណាចក្រថៃឡង់ដ៍ ខាងត្បូង ទល់នឹងស្រុកម៉ាឡៃ និងព្រះរាជាណាចក្រថៃឡង់ដ៍ ខាងកើត ទល់នឹងស្រុកអូរជ ខាងលិច ទល់នឹងព្រះរាជាណាចក្រថៃឡង់ដ៍ មាន ០៥សង្កាត់ ស្មើនឹង ៣៨ភូមិ ដង់ស៊ីតេប្រជាជន ២៤៩នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed