ខេត្តឧត្តរមានជ័យ : កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលលោក ទឺ ពិទូ និងមិត្តភក្តិរបស់គាត់១នាក់ ទៀតបានដឹកគ្រាប់មីនតោន១ គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមកប្រគល់ជូនសមត្ថកិច្ចនគរ បាលប៉ុស្តិ ។លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់អង្គ ភាពគេហទំព័រ មាតុភូមិ www.meatophoum.com ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ឃាត់ខ្លួនដើម្បីសួរនាំ។

សមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានទុកអោយនៅក្នុងទីស្នាក់ការប៉ុស្តិ១យប់ ហើយ ឥលូវនេះព្រឹកថ្ងៃទី០៧ ខែកុម្ភ:ឆ្នាំ ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួន លោក ទឺ ពិទូ ទៅកាន់ស្នងការ ដ្ឋាននគរបាលខេត្តឧត្តរមាន ជ័យដើម្បីបន្តនីតិវិធី ។

ពាក់ព័ន្ធករណីនេះ លោក ប៊ុន អ៊ុត មេប៉ុស្តិ៍ សង្កាត់អូរស្មាច់ បានបញ្ជាក់ប្រាប់មកកាន់បណ្ដាញសារព័ត៌មានតាមទូរស័ព្ទ ថា : លោក ទឺ ពិទូ ពិតជាត្រូវបានឃាត់ខ្លួន សំរាក់នៅក្នុងប៉ុស្តិ១យប់ពិត ប្រាកដមែន ហើយឥលូវត្រូវតែការ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមបទចោទ តាមមាត្រា ៤៩០ បទ កាន់កាប់អាវុធ គ្រាប់ រំសេវដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ និង សមត្ថកិច្ច ទី៤៩១ ពីបទ បោះ បង់អាវុធគ្រឿងផ្ទុះ ដែលអាច បណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងទីសាធារណ: នៃក្រមព្រហ្មទណ្ឌ ។

លោក ស៊ុន សុផល និពន្ធនាយកគេហទំព័រមាតុភូមិ បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងថា ក្នុងនាម ថ្នាក់ដឹកនាំអង្គភាព គេហទំព័រ មាតុភូមិ ខ្ញុំបាទ ស៊ុន សុផល និពន្ធនាយក ក៏ដូចជាលោក ជា ច័ន្ទប្រាកដ ចាងហ្វាងការផ្សាយមិនរារាំង ចំពោះចំណាត់ការតាមផ្លូវច្បាប់របស់សមត្ថកិច្ច នគរបាលខេត្តឧត្តរមានជ័យ ចំពោះលោក ទឺ ពិទូ ភ្នាក់ងារ របស់យើងខ្ញុំនោះទេ ។ ខ្ញុំបាទ គ្រាន់តែចង់បញ្ជាក់និងជំរាបជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ ខេត្តឧត្តរមានជ័យ ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកមេត្តាជ្រាបថា : លោកទឺ ពិទូ ពិត ជាបានផ្សាយ live បង្ហាញពីទីតាំងគ្រាប់មីនតោន១គ្រាប់ និងបានហៅមិត្តភក្តិទៅយកគ្រាប់ មីននិងដឹកជញ្ជូនមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិអូរស្មាច់ ដើម្បីផ្តល់ដំណឹងអោយខាងសុីម៉ាក់ មកទទួលយកថែរក្សាទុក ពុំមានចេតនាអ្វីក្រៅពីនេះផ្សេងទេ ហើយម្យ៉ាងទៀតក៏ពុំបានយល់ដឹងជ្រៅជ្រះអំពីផ្លូវច្បាប់ប៉ុន្មានទេ ទើបសំរេចចិត្តដឹកគ្រាប់មីននេះ មកប្រគល់ជូនសមត្ថកិច្ចដោយទឹកចិត្តស្មោះត្រង់សុទ្ធសាទ ។

ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំអង្គភាព គេហទំព័រ មាតុភូមិ សូមគោរពស្នើសុំការយោគយល់អធ្យាស្រ័យ ដោយក្តីសណ្តោសប្រណី ពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ លើកលែងទោសកំហុស និងធ្វើ ការអប់រំណែនាំលោក ទឺ ពិទូ អោយដឹងខុសត្រូវលើផ្លូវច្បាប់ អំពីរឿងដឹកជញ្ជូនគ្រាប់រំសេវ ហើយដោះលែងអោយគាត់មានសេរីភាពឡើងវិញ ដោយក្តីអនុគ្រោះ ៕(ព័ត៌មានបឋម)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed