នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំបើកសិក្ខាសាលាស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម ឆែម សិរីវត្ថិ ប្រធាន Al Forum ដោយមានការចូលរួមពី មន្ត្រីជំនាញមកពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំង លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ឆែម សិរីវត្ថិ បានលើកឡើងថា ប្រព័ន្ធអ៊ិនធឺណេត បានក្លាយជាផ្នែកមួយយ៉ាងសំខាន់និងខ្វះពុំបាននៅក្នុងជីវិតនិងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា ក៏ប៉ុន្តែក៏បាននាំមកនូវភាពងាយរងគ្រោះនិងបញ្ហាប្រឈមផងដែរសម្រាប់សង្គម ជាក់ស្តែងដូចជាឧក្រិដ្ឋកម្មប្រព័ន្ធអ៊ិនធឺណេត ល្បែងស៊ីសងអនឡាញ ឬការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម ដូច្នេះសន្តិសុខសាយប័រមិនមែនពាក់ព័ន្ធត្រឹមតែអំពីបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយក៏ពុំមែនគ្រាន់តែជាការទទួលខុសត្រូវរបស់អ្នកជំនាញITឬការអនុវត្តច្បាប់ប៉ុណ្ណោះទេ តែជាការទទួលខុសត្រូវរួមគ្នា។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍-ព័ត៌មាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានធ្វើបទបង្ហាញស្តីពី ស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ដែលរួមមានមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សារៈសំខាន់នៃការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មាន។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមជាមួយគ្នាផងដែរ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីបង្កើតនិងលើកកម្ពស់គុណភាពការងារ សម្របខ្លួនកម្ពុជា ឲ្យដើរទាន់យុគសម័យ សកលភាវូបនីយកម្មបច្ចេកវិទ្យាឌីជីថល ទន្ទឹមនឹងនេះ យើងក៏ពិនិត្យឃើញថាបទល្មើសបច្ចេកវិទ្យា ជាច្រើន ក៏បាននិងកំពុងវាយលុកផងដែរ ដូច្នេះ សិក្ខាសាលាស្តីពី សុវត្ថិភាពសន្តិសុខសាយប័រនៅកម្ពុជា នាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ ខ្លាំងណាស់ ចំពោះកម្លាំងនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានអនុញ្ញាត ឲ្យក្រុមការងារបច្ចេកទេស នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីស្ថានភាពសន្តិសុខសាយប័រនៅកម្ពុជា ដែលធ្វើឲ្យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលឱកាស ក្រេបយកចំណេះដឹងថ្មី ប្រកបដោយអត្ថប្រយោជន៍មួយនេះ ។

បន្ទាប់ពីកម្មវិធីបានបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំប្រតិភូទាំងអស់ដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈ បរិក្ខា នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពសិទ្ធស្នាលបំផុតផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *