ឧត្តរមានជ័យ – នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនគ្រួសារវីរៈកងទ័ព និងគ្រួសារកងទ័ពកងការពារព្រំដែនគោកលេខ ៤០២ និងផ្នែកសឹករងក្រុងសំរោង ចំនួនសរុប ៣៤៥ គ្រួសារ នៅបរិវេណវត្តប្រាសាទផ្លុង ស្ថិតក្នុងភូមិផ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង។

កម្មវិធីនេះគឺប្រព្រឹត្តឡើងក្រោមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកអភិបាលខេត្តបានបញ្ជាក់ថា ការចុះចែកអំណោយនេះ មានន័យជាសញ្ញាបង្ហាញនូវការរួមសុខរួមទុក្ខ និងការយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាពរបស់កងទ័ពកងការពារព្រំដែន និងគ្រួសាររបស់ពួកគេ។

លោក មាន ចាន់យ៉ាដា ក៏បានបន្តថា ក្រៅពីការចែកអំណោយ លោកក៏បាននាំយកដំណឹងសួរសុខទុក្ខ និងការផ្តាំផ្ញើពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា តែងតែឲ្យចិត្ត និងយកចិត្តទុកដាក់យ៉ាងជាប់ជានិច្ចចំពោះវីរៈកងទ័ព និងក្រុមគ្រួសារកងទ័ពទាំងឡាយ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានលើកសរសើរចំពោះសេចក្តីក្លាហាន និងក្តីស្មោះត្រង់របស់កងទ័ព ដែលបានបន្តការទប់ស្កាត់ និងការពារព្រំដែនជាតិ ដើម្បីថែរក្សាឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេសជាតិ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed