ខេត្តត្បូងឃ្មុំ : ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះបន្តចុះអនុវត្តប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅតាមតំបន់ជលផលសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ប្រតិបត្តិការនេះបានបន្តអនុវត្តតាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងមានការចូលរួមសហការយ៉ាងជាប់ស្និទ្ធពីមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រដ្ឋបាលស្រុកក្រូចឆ្មារ កម្លាំងយោធាឃុំទ្រ កម្លាំងអាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍នេសាទបឹងរាំង។
អំឡុងពេលប្រតិបត្តិការនៅតំបន់បឹងរាំង បឹងកំភី និងបឹងណ្ដាស់ ដែលស្ថិតក្នុងឃុំទ្រ ស្រុកក្រូចឆ្មារ បានរកឃើញ និងបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ចំនួនមួយ រួមមាន៖
លូស្បៃមុងចំនួន ១មាត់ របាំងស្បៃមុងប្រវែងប្រមាណ ៥០ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម ការចាក់លែងកូនត្រីចម្រុះទម្ងន់ប្រហែល ៥គីឡូក្រាម ឧបករណ៍ខុសច្បាប់ទាំងអស់ត្រូវបានរុះរើ និងបំផ្លាញចោលភ្លាមៗ តាមការដឹកនាំរបស់ក្រុមការងារ។
ក្រៅពីការបង្រ្កាបដោយផ្ទាល់ ក្រុមការងារនេះក៏បានបន្តចុះផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋនេសាទនៅតាមដងទន្លេ បឹង និងព្រែកក្នុងតំបន់នានានៃខេត្តត្បូងឃ្មុំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា លូស្បៃមុង របាំងស្បៃ ជាមួយនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ឧបករណ៍ទាំងនោះ ហើយចូលរួមចិញ្ចឹមថែរក្សាស្រូវទឹក និងជម្រកជលផលឲ្យបន្តជីវិតយូរអង្វែង។
ប្រតិបត្តិការជាក់ស្តែងនិងជាប្រចាំនេះ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់រដ្ឋាភិបាលក្នុងការអភិរក្សធនធានជលផល និងការពារបរិស្ថានអភិវឌ្ឍន៍ដល់ជំនាន់ក្រោយ៕







