កាលពីនៅថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០២៤ លាម៉ោង១៤:៣០នាទី លោក មឿន រស្មី ចាងហ្វាងគេហទំព័រ រស្មី ញ៉ូស៍ បានបើកកិច្ចប្រជុំពិភាក្សា ស្ដីពីក្រមសីលធម៌និងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មាននៅក្នុងអង្គភាព ហើយកិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តឡើងនៅស្នាក់ការកណ្ដាល អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំស្ដីពី វិជ្ជាជីវៈ ក្រមសីធម៌អ្នកសារព័ត៌មាន លោកចាងហ្វាងគេហទំព័រ រស្មី ញ៉ូស៍ បានឱ្យដឹងថា សេរីភាពសារព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការផ្សាយព័ត៌មាន សេរីភាពនៃការទទួលព័ត៌មានជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
ហើយសេរីភាពទាំងនេះមានចែងក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
នាឱកាសនៅដែរ លោកចាងហ្វាង រំលឹកពីអនុសាសន៍របស់ សម្តេចបរវធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ នាពេលកន្លងទៅថា: អ្នកសារព័ត៌មាន គឺជាអំណាចទី៤ ដែលមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព។ដើម្បីឲ្យអំណាចទីបួនមានឥទ្ធពលដល់សារព័ត៌មានពិតនោះ គឺយើងត្រូវធ្វើព័ត៌មានប្រកបដោយវិជ្ជាជីវៈ ព័ត៌មានពិត សុក្រឹត្យ និងច្បាស់លាស់ ដោយពុំមែនជារឿងប្រឌិតនោះឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់យកលុយគេឲ្យសោះ ខណៈទង្វើបែបនេះវានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មានដទៃទៀត ហើយមួយវិញទៀតការធ្វើបែបនេះក៏វាអាចបាត់បង់នូវឥទ្ធិលនៃអំណាចទីបួនរបស់ អ្នកសារព័ត៌មានផងដែរ។
វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព ។
លោកមឿន រស្មី ចាងហ្វាងគេហទំព័រ រស្មីញ៉ូស៍ បានបន្តទៀតថា និពន្ធនាយក និពន្ធនាយករងនិងអ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះមុខសាធារណជនចំពោះវិជ្ជាជីវៈរបស់ខ្លួន ស្របតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មានសេរីប្រកបដោយសក្តានុពលនៃសេចក្តីថ្លៃថ្នូរ អ្នកសារព័ត៌មាន គប្បីបំពេញភារកិច្ចរបស់ខ្លួនដោយ សុច្ចរិត យុត្តិធម៌ សច្ចះធម៌សំដៅលើក កម្ពស់ឧត្តមប្រយោជន៍ជាតិ។
អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិត មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សសេរអត្ថបទនីមួយៗ ជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់។ចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវចូលរួមផ្សព្វផ្សាយ ព័ត៌មានរបស់រដ្ឋាភិបាល ដេីម្បីជាការចែករំលែកនូវព័ត៌មានពិត និង ជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមបច្ចុប្បន្ន៕