មន្ត្រីជំនាញ ក.ប.ប. បានអោយដឹងថាតាមរយៈការប្រមូលនូវព័ត៌មានពាក់ព័ន្ធនានាតាមបណ្ដាទីផ្សារដោយមន្ត្រីស៊ើបអង្កេត ក.ប.ប. ក៏ដូចជាព័ត៌មានដែលទទួលបានពីសមត្ថកិច្ចពាក់ព័ន្ធអំពីការចរាចរនាំចូលនូវបង្គាចាក់សារធាតុ CMC (ចាហួយ) មន្ត្រីជំនាញបានឈានដល់ការស្ទាក់ចាប់នូវរថយន្តដឹកបង្គាដែលត្រូវបានចាក់បញ្ចូលនូវសារធាតុ CMC (ចាហួយ) ជាច្រើនលើកក្នុងខែមករា ដើមឆ្នាំ២០២២នេះ។
លើសពីនេះទៅទៀត មន្ត្រីក.ប.ប. ក៏បានបន្តកិច្ចសហការជាមួយមន្ត្រីគយនិងរដ្ឋាករកម្ពុជាដែលឈរជើងតាមមាត់ច្រកព្រំដែនដើម្បីធ្វើការត្រួតពិនិត្យទៅលើបង្គាដែលនាំចូលពីបរទេសក្នុងគោលបំណងទប់ស្កាត់មិនឱ្យបង្គាចាក់សារធាតុ CMC (ចាហួយ) នេះអាចចរាចរក្នុងទីផ្សារប្រទេសកម្ពុជាបានឡើយ។
ជាក់ស្ដែង គិតត្រឹមខែមករា ឆ្នាំ២០២២ នេះ មន្ត្រី ក.ប.ប. បានរកឃើញ និងដកហូតបានបង្គាដែលមានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ពីទីផ្សារ មធ្យោបាយដឹកជញ្ជូន និងមាត់ច្រកព្រំដែន សរុបបានចំនួន ៧តោន និង ៧៩២គីឡូក្រាមយកមកកម្ទេចចោល។
អគ្គនាយកដ្ឋាន ក.ប.ប. ក៏សូមអំពាវនាវដល់ធុរជនទាំងអស់មេត្តាប្រកបអាជីវកម្មដោយសុចរិតភាព និងតម្លាភាព ជៀសវាងការប្រព្រឹត្តផ្ទុយនឹងច្បាប់ដែលនាំឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ រូបភាព៖ ក្រសួងពាណិជ្ជកម្ម