ភ្នំពេញ : នៅរសៀល ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ទូច លីដែល ប្រធាននាយកដ្ឋានផែនការនិងបច្ចេកទេស បានដឹកនាំក្រុមការងារសប្បុរសធម៌ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយសប្បុរសធម៌ជូនកុមារចំនួន ២០០នាក់ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកចំនួន ៨០នាក់ នៅបុរីទារកនិងកុមារជាតិ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ក្រុមការងារបានប្រគល់ជំនួយរួមមាន៖ អង្ករ ១តោន, នំចម្រុះ ៤៣កេស, នំបុ័ងក្រៀម ៩កេស, ស្ករសូកូឡា ៩កេស, ទឹកដោះគោស្រស់ ១០កេស, ទឹកដោះគោខាប់ ៣កេស, ទឹកក្រូច ៦កេស, ត្រីខ ១កេស, ទឹកស៊ីអ៊ីវ ៣០យួរ, ខ្ទឹមស ១បាវ, សាប៊ូដុំ ៤ឡូ, ម្សៅទឹកដោះគោ ១២កំប៉ុង, សំឡីអនាម័យស្ត្រី ៦យួរ, ខោទឹកនោម ២៥យួរ និងថវិកាឧបត្ថម្ភមួយចំនួន ដើម្បីចែកជូនកុមារនិងបុគ្គលិកក្នុងមណ្ឌល។
លោកស្រី ថោ ពៅ ប្រធានបុរីទារកនិងកុមារជាតិ បានសម្តែងសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនแดឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចូលរួមសួរសុខទុក្ខ និងផ្តល់ជំនួយសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនកុមារកំព្រា និងកុមារមានពិការភាពជាប្រចាំរៀងរាល់ឆ្នាំ។
ក្នុងនាមជាតំណាងក្រុមការងារ លោក ទូច លី ក៏បានថ្លែងកោតសរសើរ និងក្តីកោរព ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ នៃបុរីទារកនិងកុមារជាតិ ដែលបានបំពេញតួនាទីថែទាំ និងអប់រំកុមារកំព្រា និងកុមារមានពិការភាពទាំងអស់ ដោយមានភាពអត់ធ្មត់ សណ្តោសប្រណី និងទឹកចិត្តអាណិតអាសូរ។
គួរបញ្ជាក់ថា មូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២០ ដោយមានគោលបំណងចូលរួមចំណែកជួយសង្គ្រោះបញ្ហាលំបាករបស់អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕






