ខេត្តកែប : ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥:
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពី “តួនាទី និងភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល” ដែលរៀបចំឡើងសម្រាប់មន្ត្រីនគរបាលជាតិនៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តកែប។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុង-ស្រុក និងគ្រូឧទ្ទេស ព្រមទាំងសិក្ខាកាមចំនួន ៨៦នាក់ (ក្នុងនោះស្រី ១៨នាក់) មកពីបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ នៃខេត្ត។ វគ្គសិក្សានេះមានរយៈពេល ២សប្ដាហ៍ ដោយមានគោលបំណងបង្កើនចំណេះដឹង និងសមត្ថភាពក្នុងការអនុវត្តភារកិច្ចរដ្ឋបាលនយោបាយ និងសន្តិសុខសង្គមនៅមូលដ្ឋាន។
ក្រោយពិធីគោរពទង់ជាតិ និងស្តាប់របាយការណ៍ពីវរសេនីយ៍ឯក កៅ ឡុក នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកស្នងការ សម្បត្តិ សុធារដ្ឋ បានអំពាវនាវឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការសិក្សា បណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តីនិងអនុវត្ត បង្កើនសមត្ថភាពវិជ្ជាជីវៈ ការពារភាពថ្លៃថ្នូរ សុភាពរាបសា និងគោរពវិន័យរដ្ឋបាលនគរបាលជាតិយ៉ាងម៉ឺងម៉ាត់។
លោកក៏បានផ្ដាំផ្ញើឲ្យអង្គភាពទាំងអស់បន្តខិតខំក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារដែនអធិបតេយ្យភាពជាតិ និងការពាររដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ចេញក្តីប្រាថ្នាច្បាស់លាស់ក្នុងការបដិសេធន៍និងប្រឆាំងនឹងសកម្មភាពបដិវត្តន៍ពណ៌ មិនឲ្យឃើញមានក្នុងទឹកដីរបស់យើងឡើយ។
នៅចុងបញ្ចប់ លោកស្នងការ បានអំពាវនាវឲ្យសិក្ខាកាមរក្សាសាមគ្គីភាពក្នុងវគ្គសិក្សា និងជូនពរឲ្យទទួលបានជោគជ័យក្នុងការសិក្សាពរដល់សិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងវគ្គសិក្សាគ្រប់ៗគ្នាផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប








