ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអនុវត្តប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្មលើទីតាំងសង្ស័យចំនួន ៦កន្លែង ដែលគេតាងស្នាក់នៅក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់ត្រូវបានគេគិតថាអាចជាទីធ្វើការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ការស្រាវជ្រាវនេះ បានអនុវត្តដោយមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

កម្លាំងសមត្ថកិច្ចខេត្តបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពីសំណាក់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។

លទ្ធផលនៃប្រតិបត្តិការនេះ៖
កម្លាំងនគរបាលបាន ឃាត់ខ្លួនជនសង្ស័យចំនួនសរុប ៦៤នាក់ ក្នុងនោះមាន ស្រី ១៦នាក់។ ជនសង្ស័យទាំងនេះមានសញ្ជាតិវៀតណាមចំនួន ៦៣នាក់ និងសញ្ជាតិខ្មែរម្នាក់។ ក្នុងចំណោមនេះ មានមនុស្ស ១នាក់ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់។

កម្លាំងបាន ដកហូតសម្ភារៈបច្ចេកវិទ្យា ដែលជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញ រួមមាន៖
• កុំព្យូទ័រ ៨៧គ្រឿង
• ទូរស័ព្ទចល័ត ៥៨គ្រឿង
• និងសម្ភារៈផ្សេងទៀតជាច្រើន
ក៏ដូចជាបានរកឃើញសារធាតុញៀនសង្ស័យចំនួន ២៨គ្រាប់ និងលិខិតឆ្លងដែនចំនួន ៣៤ក្បាលផងដែរ។

ជនសង្ស័យទាំងអស់ និងវត្ថុតាងទាំងនោះត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនឹងនីតិវិធីតាមផ្លូវច្បាប់ ដោយសហការជាមួយអាជ្ញាធរច្បាប់ពាក់ព័ន្ធ ដើម្បីធានាបាននូវសុវត្ថិភាព និងកិច្ចការពារ សង្គមចំពោះអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបទល្មើសកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្នុងបច្ចុប្បន្ន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមអំពាវនាវដល់សាធារណជនជៀសវាងការចូលរួមឬចាប់ផ្តើមកិច្ចសកម្មភាពណាមួយដែលអាចនាំឲ្យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា ហើយសូមជួយជូនដំណឹងឲ្យអាជ្ញាធរទទួលខុសត្រូវបានជ្រាប បើមានការសង្ស័យ ឬឃើញសកម្មភាពផ្ទុយនឹងច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed