នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធី «រុក្ខទិវា៩កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
យាង និងអញ្ជើញដង្ហែរអង្គព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ,សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ,
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្រោយពីរបាំថ្វាយព្រះពរ និងសិល្បៈយីកេ សំដែងថ្វាយទត និងទស្សនា ក្នុងខ្លឹមសារអប់រំ មហាជន ប្រជាជន ឱ្យចូលរួមស្រឡាញ់ និងថែរក្សាព្រៃឈើ លុបបំបាត់ការកាប់បំផ្លាញដែលជាបច្ច័យអាក្រក់បង្កនូវគ្រោះធម្មជាតិ មហន្តរាយធ្ងន់ធ្ងរ បំផ្លាញនូវសេចក្តីសុខដល់ជីវិតមនុស្សសត្វលើភពផែនដី និងរបាយការណ៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បង្ហាញសក្តានុពលកសិកម្មរបស់ខេត្ត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្វាយរបាយការណ៍បញ្ជាក់ថា ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ឆ្នាំនេះ មានកូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងទំហំ ៣ហិកតានៅស្ដានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ស្រុកត្រាំកក់។ ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវាបាន បង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តា រាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺន ហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។ ជាង នេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤នេះ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជា ច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត។
នៅក្នុងឱកាសដ៏មហាថ្លៃថ្លាវិសេសវិសាលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមាន ព្រះរាជបណ្តាំ ផ្ញើសួរសុខ ទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និង ព្រះរាជទានពរ បវរមហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះ វររាជ មាតាជាតិខ្មែរ សម្តេច ម៉ែ សម្តេចយាយសម្តេចយាយទួត ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត មក ប្រគេន ព្រះថេរា នុ ត្ថេរៈ គ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក តា លោកយាយ មាមីង បងប្អូន និងក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប ដោយសេចក្តីសុខ សេចក្តីចម្រើន និង មាន សុភមង្គលគ្រប់ ប្រការតរៀងទៅ ។
ព្រះអង្គបានមានព្រះរាជបន្ទូលថាព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធី”រុក្ខទិវា” និង សព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តា ខេត្តនានាចាប់តាំងពី សម័យសង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅ ជាទីស្រឡាញ់របស់ព្រះអង្គ ចូល រួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំង ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា កន្លងទៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ និង បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានបន្តរៀបចំជារៀង រាល់ ឆ្នាំចាប់ពី ឆ្នាំ១៩៩២មក ។
“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែល ព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំង ប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សន រួមគឺ ការចូលរួមដាំដើម ឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។
ព្រះករុណាជាអម្ចាស់បានយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើសត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។
ព្រះអង្គក៏បាន សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់ យើងឱ្យបានគង់ វង្សរហូតតទៅ៕