ខេត្តកំពង់ធំ ៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាបុណ្យធម៌សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ចំនួនសរុប ២,៣៨៤គ្រួសារ ដែលបានអាស្រ័យស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ធំ ដោយភៀសផុតពីតំបន់ព្រំដែនកម្ពុជា-ថៃ។
ពិធីបានប្រារព្ធឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលសម្ដេចបាននាំយកនូវព្រះរាជបណ្តាំជូនដល់ប្រជាពលរដ្ឋភៀសសឹក ផ្ទាល់ពីព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ជាភស្តុតាងនៃក្ដីនឹករលឹក និងការយកចិត្តទុកដាក់ជ្រាលជ្រៅចំពោះជីវិតប្រជាជន។
សម្ដេចប៊ុន រ៉ានី បានថ្លែងថា ការប៉ះទង្គិចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនចាកចេញពីដំណាក់ដីរស់នៅ ដើម្បីស្វែងរកសុវត្ថិភាពមកជ្រុះនៅខេត្តកំពង់ធំនេះ។ សម្ដេចបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានបំពេញការថែទាំ និងស្ម័គ្រចិត្តជួយសង្គ្រោះជាប្រសើរ។
អំណោយមនុស្សធម៌ដែលបានចែកជូនមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៣ដប ប្រេងឆា ១ដប ម្សៅសាប៊ូ ២គីឡូ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ (សារុង, ក្រមា, មុង, ភួយ) ថវិកា
សម្ដេចប៊ុន រ៉ានី បានអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដែលបានចូលរួមជួយគាំទ្រកាកបាទក្រហមក្នុងបេសកកម្មមនុស្សធម៌ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើឲ្យអាចជួយទាន់ពេលវេលា និងគ្រប់ទីកន្លែងសម្រាប់អ្នកដែលកំពុងជួបបញ្ហា។
ឧបនាយករដ្ឋមន្រ្តី នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា កំឡុង៦ខែដំបូងឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជួយជនរងគ្រោះចំនួន ៦៧០ករណី ក្នុងនោះមានអំណោយជារូបវត្ថុ និងថវិការសរុប ៤២,៥៨៧,៥០០រៀល និង ៦៣៥ដុល្លារ។
តាមរបាយការណ៍អាជ្ញាធរមូលដ្ឋាន បច្ចុប្បន្នមានប្រជាជនភៀសសឹកចំនួន ២,៣៨៤គ្រួសារ (ស្មើនឹង ៦,៣៣០នាក់) មកពីខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ, កោះកុង, បាត់ដំបង និងប៉ៃលិន ដែលក្នុងនោះមានគ្រួសារយោធិនចំនួន ៤២៩គ្រួសារ។ ផងដែរនៅពេលនេះ មានយុទ្ធជនពលីចំនួន ៥នាក់ និងយោធិនរងរបួស ១៨នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្ត៕




