ខេត្តពោធិ៍សាត់ — កាលពីថ្ងៃទី ១០ សីហា ២០២៥ វេលាម៉ោង ៩:៣០នាទី សមត្ថកិច្ចស្រុកតាលោសែនជ័យ បានឆ្លើយតបបណ្តឹងពីអ្នកស្រី សំរឹត សុភាព អាយុ ៥៣ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ អំពីការត្រូវជេរប្រមាថ និងគំរាមកំហែងពីម្ចាស់តារាងបាល់ និងបុគ្គលម្នាក់ទៀត។
តាមពាក្យបណ្តឹង យប់ថ្ងៃទី ៨ សីហា អ្នកស្រីសុភាពបានជិះម៉ូតូម្នាក់ឯង ទៅលេងបាល់ទះនៅតារាងបាល់របស់ សេក សឺន (ហៅ “បាក់”) អាយុ ៦៨ ឆ្នាំ ដែលស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ែត្រ ពីផ្សារតាលោ។ ក្រោយចាក់បាល់ចំនួន ២០,០០០ រៀលជាមួយអ្នកលេងម្នាក់ ធ្លាប់មានសួរនាំគ្នា ដោយឈ្មោះបាក់ត្រូវបានគេអះអាងថានិយាយពាក្យគំរាមសម្លាប់ ប្រសិនបើដឹងថាគាត់ជាអ្នករាយការណ៍ទៅប៉ូលិស។ បន្ទាប់មក ឃិន ម៉ាប់ បុគ្គលដែលឈរនៅក្បែរ ត្រូវបានអះអាងថា បានប្រើពាក្យសម្ដីប្រមាថដែរ។
អ្នកស្រីសុភាពបានស្នើឱ្យសមត្ថកិច្ចស៊ើបអង្កេត ព្រមទាំងរាយការណ៍ថា នៅតារាងបាល់នោះមានការលួចលេងល្បែងខុសច្បាប់ ដូចជា ចាក់ខ្លាឃ្លោក និងល្បែងស៊ីសងតាមអនឡាញ។
ក្រោយពិនិត្យស្រាវជ្រាវ សមត្ថកិច្ចបានហៅបាក់ និងម៉ាប់ មកសួរនាំ។ បាក់បញ្ជាក់ថា ខ្លួនមិនបានបើកល្បែងខុសច្បាប់ និងមិនបានគំរាមសម្លាប់ទេ ខណៈម៉ាប់ក៏បដិសេធថា មិនបានប្រមាថអ្នកស្រីសុភាពឡើយ។
ទោះជាយ៉ាងណា កម្លាំងស៊ើបអង្កេតបានរកឃើញភស្តុតាងពាក់ព័ន្ធនឹងការលេងល្បែងខុសច្បាប់នៅតារាងបាល់នោះ ហើយបានធ្វើកិច្ចសន្យាបិទជាបណ្តោះអាសន្ន។ បន្ទាប់មក សមត្ថកិច្ចបានសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនជាបណ្ដោះអាសន្នសម្រាប់សាងសំណុំរឿងតាមនីតិវិធី៕