ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ផ្សេងទៀតពាក់ព័ន្ធករណីហិង្សាលើបុរសម្នាក់ដែលជាអ្នកសារព័ត៌មាន ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៀក លីត ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានផ្ទុកសារធាតុញៀន ។ចំណែកជនរងគ្រោះដែលរងនូវអំពើហិង្សាខាងលើនេះមានឈ្មោះ សរ វាសនា ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារពត៌មាន នៅអង្គភាព គេហទំព័រ RMN NEWS ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមរំលឹកថាកាលពី វេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា ប្រមាណជា៦នាក់ បានធ្វើសកម្មភាព វាយទាត់ធាក់ ទៅលើជនរងគ្រោះឈ្មោះ សរ វាសនា បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
បើតាមប្រភពប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះសរ វាសនា បានឲ្យដឹងថាលោកបានបើក pass app ទៅរកបងនៅភូមិច្រាំងបាក់ ដែលកំពុងប្រមូលម្តុំគ្នាលេងល្បែងស្ទូចប្រេងក្រឡា ក្នុងសង្កាត់ច្បារអំពៅទី២ ហើយខ្ញុំក៏បានហៅបងរបស់ខ្ញុំឲ្យមកផ្ទះ វិញបងរបស់ខ្ញុំ គាត់ក៏បានងើបពីកន្លែងល្បែងស្ទួចប្រេងក្រឡាយកម៉ូតូជិះមកតាមពីក្រោយខ្ញុំ ស្រាប់តែឈ្មោះ ណែត ដែលជាមេគំនិតបញ្ជាហើយក៏ជា ម្ចាស់ទីតាំងកាងល្បែង បានឱ្យជាសញ្ញាបក្សពួក មកវ៉ៃខ្ញុំ បណ្ដាលអោយមានរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។
តែទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ២០២៤ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៀក លីត ដើម្បីធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានឆ្លើយសារភាពថារូបគេ រួមនិងបក្សពួកពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំណែកបក្សពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តបន្ទាប់ទៀត។
បើតាមប្រសាសន៍របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់តាមទូរសព្ទឲ្យអង្គភាពសារព័ត៌មានរស្មីញូស៍ដឹងថា អនុវត្តតាមបទបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញមានបទល្មើសល្បែងស៊ីសងត្រូវតែបង្ក្រាប បើប្រើអំពើហិង្សាត្រូវតែអនុវត្តទៅតាមច្បាប់។ដោយឡែកលោកបានសំណូមពរដល់បងប្អូនអ្នកសារព័ត៌មាន ឃើញចំណុច អសកម្មកន្លែងណាមួយត្រូវរាយការណ៍ជូនសមត្ថកិច្ចនិងសហការជាមួយសមត្ថកិច្ចដើម្បីចុះអនុវត្តន៍ ជៀសវាងមានគ្រោះថ្នាក់អ្វីមួយកើតឡើង។ លោកបានបញ្ជាក់បន្ថែមទៀតថា បើមានចំណុចចន្លោះប្រហោងឬខ្វះខាតកន្លែងណាត្រូវរាយការណ៍ទៅមន្ត្រីរបស់លោក បើមិនមានចំណាត់ការត្រូវរាយការណ៍មកលោកផ្ទាល់ លោកនឹងមានវិធានការជូន ហើយអ្នកដែលធ្វើខុសត្រូវតែអនុវត្តទៅតាមច្បាប់ដូចគ្នាផងដែរ។