ត្បូងឃ្មុំ : បើតាមសេចក្តីរាយការណ៍មួយបានអោយដឹងថា ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងនៅតែបើកដំណើរការលេងយ៉ាងពេញបន្ទុកក្នុងភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈអាជ្ញាធរក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថាទីតាំងល្បែងសុីសងអនឡាញ របស់ ក្រុមហ៊ុន SB24 នៅចំណុចភូមិសាស្ត្រខាងលើ កំពុងតែពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងអោយឆ្កួតវង្វេងភ្លេចគិតពីកំរិតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ឈ្លោះប្រកែកទាស់ទែងវាយប្រពន្ធកូនក៏មាន ។
យោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម អាជ្ញាធរពាក់ព័ន្ធ មិនគួរមើលរំលងនោះទេ។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំពុំអាចទំនាក់ទំនងទៅ អាជ្ញាធរមូលដ្ឋាន បាននោះទេ ព្រោះពុំមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ មេត្តាទានមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសង នៅចំណុចទីតាំងខាងលើនេះផងទាន! ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ៕