ភ្នំពេញ : នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទី ដោយដឹកនាំផ្ទាល់ដោយ លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ឱ្យក្រុមការងារ ប្រជាការពារនិងប៉ូលីសប៉ុស្តិ៍ ចុះហាមឃាត់ កម្មករមួយក្រុម បានជីកដាំបង្គោលធ្វើរបងលើចំណីផ្លូវសាធារណៈ ព្រមទាំងចាប់យកសម្ភារៈជាងសំណង់ព្រមទាំងរថយន្តមករក្សាទុកនៅសង្កាត់ត្រពាំងសាំង រង់ចាំការដោះស្រាយ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ១៣៨A ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំងបានប្រាប់អ្នកសារព័ត៌មាន រស្មី ញ៉ូស៍ ឱ្យដឹងថា : ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមកម្មករសំណង់មួយក្រុម បានយកសម្ភារៈជាងសំណង់ មកជីកដាំបង្គោលធ្វើជារបងដែកស័ង្កសី នៅតាមបណ្ដោយផ្លូវ១៦៨A ក្នុងភូមិត្រពាំងក្រសាំង ភ្លាម លោកបានចុះមកមើលផ្ទាល់ ឃើញកម្មករសំណង់ កំពុងតែធ្វើលោកបានហាមឃាត់ឲ្យឈប់ធ្វើ(ផ្អាកជាបណ្ដោះអាសន្ន) រង់ចាំធ្វើការស្រាវជ្រាវទៅភូមិបាលខណ្ឌពោធិ៍សែនជ័យថាតើ ដីចំណីផ្លូវមួយនេះជាកម្មសិទ្ធិឯកជនឬក៏ជាកម្មសិទ្ធិរបស់រដ្ឋ ។
លោក ហ៊ត រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា : កម្មករសំណង់ទាំងនោះ មិនស្ដាប់តាមក្រុមគណៈបញ្ជាការឯកភាពសង្កាត់ទេ ទើបលោកឱ្យក្រុមការងារដកហូតសម្ភារៈរបស់ជាងយកទៅរក្សាទុកនៅសាលាសង្កាត់ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយជាមួយក្រុមហ៊ុន នឹងធ្វើការស្រាវជ្រាវទៅភូមិបាលខណ្ឌ ។បើសិនជាដីចំណីផ្លូវខាងលើជាកម្មសិទ្ធិរបស់ឯកជន លោកអនុញ្ញាតឱ្យធ្វើ តែបើកម្មសិទ្ធិរបស់រដ្ឋលោកមិនអនុញ្ញាតឲ្យធ្វើទេ។
តែបើតាមការឆ្លើយបញ្ជាក់ពីសន្តិសុខ របស់ក្រុមហ៊ុនបុរីដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រូបលោកត្រូវបានថ្នាក់លើរបស់លោកបញ្ជាឲ្យមកជួយមើលកម្មករ ដែលកំពុងជីកដាំបង្គោលលើចំណីផ្លូវសាធារណៈខាងលើនេះ លោកមិនបានដឹងរឿងអីនោះទេ។
ក្នុងករណីខាងលើនេះលោកចៅសង្កាត់ត្រពាំងក្រសាំងបានសំណូមពរឲ្យភូមិបាលខណ្ឌពូសែនជ័យជួយពិនិត្យមើល ឆែកមើល ថាដីដែលមានទីតាំងខាងលើនេះ ជាដីរបស់បុរីឬក៏ជាដីរបស់រដ្ឋ?
https://www.rmn.asia
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222




