(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុត ជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
នាឱកាសនោះដែរ លោក សុខ ពេញវុធ ក៏បានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណាឃួង ស្រេង ព្រមទាំងបច្ច័យចូលរួមបុណ្យសពចំនួន ១០,០០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ១០០កេស ដើម្បីរៀបចំពិធីបុណ្យសពទៅតាមទំនៀមទំលាប់ប្រពៃណី និងសូមបួងសួងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍