ភ្នំពេញ : នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះអភិបាលខណ្ឌឫស្សីកែវថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ ដោយលោក ជិន ប៊ុនធឿន ពីនាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលខណ្ឌថ្មី ជំនួសលោក ឯក ឃុនដឿន ដែលត្រូវតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ។
ពិធីប្រកាសឱ្យកាន់តំណែងនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអភិបាលខណ្ឌឫស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឱ្យបានល្អប្រសើរ ពិសេស ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ។ ទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយនឹងពង្រឹងលើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
លោក ឃួន ស្រេង បានបន្តថា ការរៀបចំស្ដាប់ធ្នាប់ត្រូវតែធ្វើឱ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។ បើយើងនៅតែបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងនៅតែគោរពស្រលាញ់យើង បោះឆ្នោតអោយយើងឈ្នះនៅឆ្នាំ២០២៧ខាងមុខទៀត។
បន្ថែមពីនេះ លោក ឃួង ស្រេង បានបន្តណែនាំឱ្យអភិបាលខណ្ឌថ្មី សហការជាមួយនឹងថ្នាក់ជាតិចុះជួយមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋដែលជួបបញ្ហា។ បន្តការខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីនិង ទប់ស្ងាត់នៅទំនាស់ដីធ្លីថ្មីកុំអោយកើតមានឡើងទៀត។ ទប់ស្កាត់ចំពោះសំណង់ខុសច្បាប់ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្តថា ការបម្រើសេវាសាធារណៈត្រូវតែនៅកៀកគិតជាមួយប្រជាពលរដ្ឋធ្វើឱ្យបានលឿន និងមានតម្លាភាព។ សម្ដេចធិបតីហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្លាំងណាស់ ព្រោះថាជាសេវាសាធារណៈជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋ។ ត្រូវរួមគ្នាលុបបំបាត់ពាក្យថា រកជួបចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ភាសានេះត្រូវបានលុបបំបាត់ហើយ ដោយបានបង្កើតជាក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីចាំទទួលសេវាប្រជាពលរដ្ឋ។
លោក ឃួង ស្រេង ក៏បានផ្ដាំផ្ញើដល់មន្ត្រីចាស់ៗដែលជិតចូលនិវត្តន៍គួរបង្ហាត់បណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យចេះធ្វើការងារ ពោលគឺ នៅពេលដែលយើងចូលនិវត្តន៍ គឺពួកគាត់អាចបន្តវេនពីខ្លួនយើងបាន។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវថ្មី បានប្តេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ប្តេជ្ញាបំពេញការងារឱ្យបានទ្វេដង។ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនឱ្យកម្លាំងណាមួយមកបំផ្លាញបានឡើយទោះបីក្នុងតម្លៃណាក៏ដោយ លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
អនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំឱ្យបន្តកើតមានទៀត និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត៕