ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំប្រតិភូ ដើម្បីជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ឌិន វ៉ាំងនើយ ស្នងការនគរបាលខេត្តអានយ៉ាង និងដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ព្រមទាំងពិសាបាយសាមគ្គី នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ (កម្ពុជា) និងវិញសឿង(វៀតណាម)។ ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្តទាំងពីរ(តាកែវ-អានយ៉ាង) ក៏បានជូនវត្ថុអនុស្សារីយ៍គ្នាទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស ជួញដូរអាវុធ និងបទល្មើសឆ្លងដែនផ្សេងៗទៀត នៃខេត្តទាំងពីរ។ ជំនួបនេះ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល នៃប្រទេសទាំងពីរផងដែរ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។