ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវនិងថ្ងៃព្រហស្បតិ៍ ១កើតខែផល្គុន ឆ្នាំរោងឆស័ក.ព.ស.២៥៦៨ វេលាម៉ោង ០៩និង០០ នាទីព្រឹក កម្លាំងអង្គភាពវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានជួបជំនួបពិភាក្សាការងាររួមគ្នា ជាមួយទាហានឈុតខ្មៅថៃ ប្រទល់ទល់មុខភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន។
តាមការស្នើរសុំរបស់ភាគីថៃ ទីកន្លែង គោល ដៅរោងម៉ាស៊ីនដីក្រុមហ៊ុន ភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពាន ក្នុងទឹកដីខ្មែរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមាសភាពរួមមាន៖
ក. ភាគីកម្ពុជា : លោក វរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន នឹងមានការចូលរួមពីលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ និង លោកនាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីក្នុងប៉ុស្តិ៍សរុបចំនួន ០៨ នាក់
ខ. ភាគីថៃ : កម្លាំងកងអនុសេនាធំលេខ១៣០៤ ចំនួន ០៧ នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ទោ អៈនុវ៉ាត់គុតវីឡា មេបញ្ជាការកងរយលេខ១៣០៤ ។
សូមបញ្ជាក់ផងដែរថាខ្លឹមសារនៃការជំនួបពិភាក្សាមាន ៖
១-ផ្តោតសំខាន់ស្តីពីការទំនាក់ទំនងល្អ បង្ករភាពជិតស្និទ្ធិ រវាងកងកម្លាំងជួរមុខ កម្ពុជា-ថៃ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនជាប់ភូមិសាស្ត្រ។
២- កិច្ចសហប្រតិបត្តិការទប់ស្កាត់ រាល់បទល្មើសជួញដូរគ្រឿងញៀន
៣-ទប់ស្កាត់អាវុធជាតិផ្ទុះ គ្រប់ប្រភេទ
៤- ទប់ស្កាត់ការលួចធ្លងដែនខុសច្បាប់គ្រប់ប្រភេទ បើសិនជាមាន ពលករ ឬ ប្រជាពលរដ្ឋលួចធ្លងដែនចូលទៅក្នុងទឹកដីថៃ បើសមត្ថកិច្ចថៃចាប់បាន សូមអោយផ្តល់ពត៌មានមកកងកម្លាំងនគរបាលការពារព្រំដែនភាគីកម្ពុជានោះវិញ ព្រោះថាភាគីកម្ពុជា មិនអនុញ្ញាតអោយឆ្លងដែនខុសច្បាប់នោះឡើយ។
៥- សុំជួយទប់ស្កាត់រាល់សាច់បង្កកលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។
៦- សុំជួយអន្តរាគមន៍ រាល់មានបញ្ហាប្រជាពលរដ្ឋឈឺស្កាត់ ជាយថាហេតុណាមួយ ដូចជា ឆ្លងទន្លេ មិនថាយប់ ឬថ្ងៃ សុំជួយបញ្ជូនទៅព្យាបាលតាមមន្ទីរពេទ្យដែលនៅជិតបំផុត
៧- ចំពោះរឿងព្រំដែនបើសិនមានប្រជាពលរដ្ឋ កម្ពុជា ឬ ថៃ បានចាក់ដីចូលអូរព្រំដែន រឺ បាក់ច្រាំងបើសិនជាមាន ត្រូវផ្តល់ព័ត៌មាន ដោះស្រាយតាមនិតីវិធី ត្រួតពិនិត្យរួមគ្នា និងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរៀងៗខ្លួនបន្ត ។
ជំនួបពិភាក្សាខាងលើបានគូសបញ្ជាក់ថា៖
រាល់បញ្ហាពាក់ព័ន្ធការងារព្រំដែនយើងមានគណៈកម្មាធិការវាស់វែងព្រំដែន
(កម្ពុជា-ថៃ) ក្នុងការកំណត់ទីតាំងសូមរក្សាសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតា។
ភាគីកម្ពុជាល្បាតនៅចំណុចណាល្បាតនៅចំណុចនោះភាគីថៃល្បាតនៅចំណុចល្បាតបាននៅចំណុចនោះ ពុំមានការរំលោភបំពេញគ្នាទៅវិញទៅមកឡើយ។
កិច្ចជំនួបពិភាក្សា កម្លាំងជួរមុខ(កម្ពុជា -ថៃ )សំណូមពរដូចគ្នា និងឯកភាពតាមខ្លឹមសាសរខាងលើ ។ សំណូមពរភាគីថៃ ស្នើសុំភាគីកម្ពុជា ទៅជំនួបប្រជុំពិភាក្សាការងារខាងទឹកដីថៃវិញម្តង ដើម្បីទំនាក់ទំនងរវាងកម្លាំងជួរមុខ មុននិងបញ្ចប់ភាគីទាំងពីរបានជូនកាដូរ អនុស្យាវរីយ៍ទៅវិញទៅមក ព្រមទាំងបាយសាមគ្គីរួមគ្នា និងបានបញ្ចប់នៅវេលាម៉ោង ១១ : ២០ នាទីព្រឹក ក្នុងថៃ្ងដដែល ៕







