ភ្នំពេញ៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផែ្នកក្រៅប្រព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី អនុប្រធានផែ្នក និងសមាជិកជំនួយការ ចំនួន ២១២នាក់។
ក្នុងឱកាស មតិស្វាគមន៍បើកកិច្ចប្រជុំ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានអង្គប្រជុំ បានលើកឡើងថា ផ្នែកក្រៅប្រព័ន្ធ ដែលជាយន្តការ ចំណុះរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធាន យុវជនគណបក្សថ្នាក់កណ្តាល។
បន្ដមក ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានរបាយការណ៍សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥។
ឯកឧត្ដម ម៉ឹង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥។
កិច្ចប្រជុំនេះបានលើកយករបៀបវារៈសំខាន់ៗ ចំនួន០៤ ដើម្បីធ្វើការពិភាក្សាដូចមានខាងក្រោម៖
– ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
– ពិនិត្យ ពិភាក្សាលើព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលបានអាន និងសុំអនុម័ត។
– ប្រកាសសមាសភាព ថ្នាក់ដឹកនាំ និងសមាជិកដែលបានចាត់តាំងថ្មីក្នុងនោះគឺ អនុប្រធានផ្នែក ចំនួន២ រូបគឺ ឯកឧត្តម ង៉ូវ បូរីណា និងឯកឧត្តម សរ សុពុត្រា និងសមាជិកផ្នែក ចំនួន ២រូប គឺ ឯកឧត្តម ប្រាក់ សោភ័ណ និងលោក ស្រ៊ន សំឬទ្ធី។
– ប្រជុំបានពិភាក្សា អំពីសកម្មភាព បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឱកាស និងសំណូមពរ ក្នុងការកៀរគរយុវជនក្រៅប្រព័ន្ធ ឱ្យបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
មុននឹងបិទបញ្ចប់ ឯកឧត្ដម ងួន រតនៈ អនុប្រធានផ្នែក នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានចូលរួមជាមតិពិភាក្សា និងផ្ដល់នូវបទពិសោធន៍ការងារលើការដឹកនាំ និងកិច្ចការមូលដ្ឋានជាយុទ្ធសាស្ដ្រ ជូនអង្គប្រជុំផងដែរ។
នៅវេលាម៉ោង ១១៖៥០នាទី កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ ប្រកបដោយភាតរភាព និងសេចក្ដីរីករាយយ៉ាងក្រៃលែង ព្រមទាំងបានប្រគល់សេចក្ដីសម្រេចតែងតាំងសមាសភាពជូន ថ្នាក់ដឹកនាំ និងសមាជិកជំនួយការផងដែរ។













