ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ៥ រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានដឹកនាំក្រុមការងារ និងសមាជិកសមាជិកាគណបក្សចុះមូលដ្ឋាន ធ្វើពិធីប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យជូនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ៩វត្ត នៅក្នុងឃុំសោប។
ពិធីនេះប្រព្រឹត្តទៅក្នុងបរិវេណវត្តសោបលើ ដោយមានការអញ្ជើញជាអធិបតីរបស់លោកបណ្ឌិត ម៉េង សុភ័ណ្ឌ។ ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលផ្ដល់ការអប់រំផ្លូវចិត្តដល់ប្រជាពលរដ្ឋ ឲ្យគោរពអំពើល្អ សាមគ្គី និងជួយគ្នាទៅវិញទៅមក ដើម្បីបង្កើតសង្គមសុភមង្គល។ លោកបន្ថែមថា រៀងរាល់ឆ្នាំ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតែងនាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដោយមិនខកខាន ជាផ្នែកមួយនៃការគាំទ្រព្រះពុទ្ធសាសនា។
សម្ភារៈ និងបច្ច័យដែលបានប្រគេនមាន៖
ទៀនវស្សា ៩គូ
អង្ករ ៩បេ
មី ១៨កេស
ភេសជ្ជៈ ១៨កេស
ស្លាដក ៩សម្រាប
បច្ច័យសរុប ២,០១១,៥០០ រៀល
ក្នុងនោះវត្តដែលមានទីតាំងឆ្ងាយ បានទទួលការឧបត្ថម្ភថវិកាបន្ថែមដូចខាងក្រោម៖
១. វត្តព្រែកជីក – ១០០,០០០ រៀល
២. វត្តសោបក្រោម – ១០០,០០០ រៀល
៣. វត្តសោបលើ – ១០០,០០០ រៀល
៤. វត្តភ្នំក្រឡាញ់ – ១០០,០០០ រៀល
៥. វត្តរហាលើ – ២០០,០០០ រៀល
៦. វត្តអូរថ្មទោង – ២៥០,០០០ រៀល
៧. វត្តស៊ីទែន – ២៥០,០០០ រៀល
៨. វត្តភ្នំអន្សង – ២៥០,០០០ រៀល
៩. វត្តក្រឡាញ់ទ្រេត – ២៥០,០០០ រៀល
ក្រៅពីនេះ ក៏មានការជូនបច្ច័យចំនួន ៦០០,០០០ រៀល ដល់ពុទ្ធបរិស័ទ ចំណុះជើងវត្ត និងថវិកាជូនកម្លាំងប៉ូលិសនិងប្រជាពលរដ្ឋការពារ ៧នាក់ ចំនួនសរុប ១៤០,០០០ រៀល។
សរុបថវិកាទាំងអស់សម្រាប់ពិធីនេះ គឺចំនួន ៤,៣៥១,៥០០ រៀល ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមក្ដីសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕N7









