ខេត្តកំពង់ស្ពឺ ៖ សេចក្ដីរាយការណ៍ដដែលបន្តថា តាមការអះអាងពីបុរសម្នាក់ឈ្មោះ ភក្តី ជាមេការរណ្ដៅដីនេះ បានរៀបរាប់ថា ពេលនេះមេម៉ៅ និងមេស្រុនរបស់ខ្លួន បានប្រាប់គាត់ថាឱ្យផ្អាកសកម្មភាពសិន ព្រោះកាសែតផ្សាយច្រើនណាស់ ចាំលោកអភិបាលខេត្តចុះហត្ថលេខាអនុញ្ញាតច្បាប់ចាំធ្វើបន្ត។

យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ជាប់នឹងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិត្រពាំងខ្យង ជារបស់ឈ្មោះ ប៊ុត ចន្ថា ដែលជាមន្រ្តីយោធានៅកងកាំភ្លើងធំ និងមានរហ័សនាមឧកញ៉ា ម៉ៅ ហៅឧកញ៉ាវត្ត គឺជាឈ្មួញកាយអាចម៍ដីយកទៅលក់គ្មានច្បាប់អនុញ្ញាត មិនតែប៉ុណ្ណោះថែមទាំងមិនបានដាក់ឈ្មោះខ្លួនឯងនោះទេ គឺដាក់ឈ្មោះស្រុន ជាអ្នកសុំច្បាប់អាជីវកម្មទៅវិញ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ចំពោះករណីនេះដែរ ប្រសិនបើកាសែតមិនផ្សាយទេ គេក៏មិនឈប់ដែរ បើរំពឹងលើអាជ្ញាធរ និងជំនាញស្ងាត់ដូចចោរលួចសេះ។ ជាក់ស្ដែងបច្ចុប្បន្ននេះគេសង្កេតឃើញថា ក្រុមឈ្មួញ បានផ្អាកសកម្មភាពហេីយនិងបានយកគ្រឿងចក្រទៅលាក់ទុកតាមភូមិក្បែរនោះផងដែរ។

ប្រជាពលរដ្ឋបន្តថា ដោយក្រុមឈ្មួញទាំងនោះ ប្រើសុទ្ធតែរថយន្តកង់៦ និងរថយន្តយីឌុបដែលជាហេតុធ្វើឱ្យផ្លូវជាតិ និងស្ពានឆាប់ខូច ចំពោះការដឹកដីវិញ គឺគ្មានសណ្តាប់ធ្នាប់ដាក់ហៀរធ្លាក់រាយប៉ាយពេញដី ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ខូចខាតស្ពាន និងផ្លូវភូមិរបស់ពួកគាត់ ដោយមិនឃើញជំនាញពាក់ព័ន្ធណាមកធ្វើការត្រួតពិនិត្យនោះឡើយ។

សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា ឈ្មួញរកស៊ីកាយអាចម៍ដីរូបនេះ កំពុងធ្វើអាជីវកម្ម ដោយពុំមានការអនុញ្ញាត ឬលិខិតបញ្ជាក់ពីមន្ទីររ៉ែ ថាមពល និងខេត្តឡើយ ព្រោះឈ្មួញឈ្មោះ ប៊ុត ចន្ថា នេះតែងតែប្រើអំណាចខ្សែបណ្ដាញ និងអំណាចទឹកប្រាក់ ទេីបអាចបាំងភ្នែកអាជ្ញាធរមានសមត្ថកិច្ចបាន ទេីបដំណើរការទៅយ៉ាងរលូន។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានលើកឡើងថា សព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសត្វពាហនៈ ជាពិសេសគឺកូនៗរបស់ពួកគាត់តែម្ដង បើសិនជាជ្រុលធ្លាក់ទៅក្នុងរណ្ដៅដីរបស់ ប៊ុត ចន្ថា ហៅម៉ៅ ឬឧកញ៉ាវត្តនេះហើយ គឺស្លាប់គ្មានសល់នោះទេ។ ដូច្នេះពួកគាត់សូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ក្រសួងទាំងអស់ ក៏ដូចជាលោកអភិបាលខេត្តកំពង់ស្ពឺ គួរមានវិធានការចំពោះឈ្មួញខាងលើនេះ ដេីម្បីកុំឱ្យបុគ្គលដែលប្រើអំណាចទឹកប្រាក់ ធ្វេីអ្វីតាមអំពេីចិត្តនិងប៉ះពាល់ដល់សុខសុវត្ថិភាពក្នុងការធ្វេីដំណេីររបស់កូនចៅពួកគាត់ផងដែរ។

ជុំវិញករណីនេះដែរ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សារព័ត៌មានមិនអាចសុំការទំនាក់ទំនងឈ្មួញ ឈ្មោះ ប៊ុត ចន្ថា បាននោះទេព្រោះគ្មានលេខទូរស័ព្ទ។ ដោយឡែក លោក វ៉ី សំណាង អភិបាលនៃលោកអភិបាលខេត្តកំពង់ស្ពឺ សារព័ត៌មានបានទំនាក់ទំនងតាមទូរស័ព្ទដែរ ប៉ុន្តែទាក់ទងមិនបាន ដោយនៅក្រៅតំបន់សេវា៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed