រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរ មានដូចជា ការរៀបចំក្រាលថ្មក្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការដាំស្មៅ និងដាំដើមឈើបន្ថែម ភ្លើងបំភ្លឺសាធារណៈ ព្រមទាំងការរៀបចំបន្ទប់ទឹកសាធារណៈ សំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើប មានសោភ័ណភាព និងបរិស្ថានល្អ ដែលអាចទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោគចូលមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។
ទន្ទឹមនឹងការមកកំសាន្តក្នុងខេត្តព្រះសីហនុនេះដែរ
ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ បានបង្ហាញពីការពេញចិត្ត ចំពោះបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលរដ្ឋបាលខេត្តព្រះសីហនុ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានខិតខំរៀបចំសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសប្រើប្រាស់ក្នុងឱកាសដំណើរកំសាន្តនាថ្ងៃឈប់សម្រាក។
សូមជម្រាបជូនថា បន្ទប់ទឹកសាធារណៈបច្ចុប្បន្នបានដាក់ឱ្យចំនួន០៩ទីតាំង នៅតាមបណ្ដោយឆ្នេរអូរឈើទាល២ ឆ្នេរអូរត្រេះ១ ឆ្នេរអូត្រេះ២ រហូតដល់ចំនុចដើមឈើចាំស្នេហ៍ ឆ្នេរជំទាវម៉ៅ ដោយទីតាំងបន្ទប់ទឹកនីមួយៗមានទំហំធំទូលាយ មានការចែងចែក បន្ទប់ទឹកស្រី-ប្រុស បន្ទប់ទឹកសំរាប់ជនពិការ កន្លែងលាងដៃ និងកន្លែងងូតទឹក ដាច់ដោយឡែកពីគ្នា ដោយមានភាពងាយស្រួល និងប្រកបដោយអនាម័យ។
សូមជម្រាបជូនបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ធៀបនឹងរយៈពេល០៣ថ្ងៃដូចគ្នាក្នុងឆ្នាំ២០២១ ភ្ញៀវទេសចរណ៍បានមកកំសាន្ត នៅខេត្តព្រះសីហនុ មានចំនួនសរុបប្រមាណ ៩២,៧៦២ នាក់ កើនឡើង ១៣.០៣%៕ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ