ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យវិទ្យាល័យព្រះសីហនុ ដែលសម្រេចជ្រើសរើសបន្ថែមធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ខណៈមន្ទីរពេទ្យមេគង្គកំពង់ចាមបច្ចុប្បន្នមាន៤០៥គ្រែ និងយកវិទ្យាល័យ ដំដុះ សម្រាប់ធ្វេីជាមណ្ឌលចត្តាឡីសក័ បន្ទាប់ពីគរុកោសភូមិភាគកំពង់ចាម មានអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កកេីនឡេីង ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឲ្យសហការគ្នា ដើម្បីរៀបចំបន្ថែមនូវវិទ្យាល័យព្រះសីហនុនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដោយមានការរៀបចំសំអាតបរិស្ថាននៅទីធ្លាទាំងក្នុងនិងក្រៅ ហើយបំពាក់សំភារបរិក្ខារពេទ្យ និងរៀបចំប្រព័ន្ធទឹក ភ្លេីង នៅតាមអគារនិមួយៗ ឲ្យបានឆាប់រួចរាល់ ស្របពេលដែលល្បឿននៃការឆ្លងរីករាលដាលចេះតែកេីនឡេីងជាបន្តបន្ទាប់ ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវខិតខំស្រាវជ្រាវស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដេីម្បីនាំគាត់ទៅធ្វើចត្តាឡីស័កឲ្យទាន់ពេលវេលា ស្របតាមការគ្រប់គ្រងរបស់អាជ្ញាធរ ដេីម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺដ៏កាចសាហាវនេះផងដែរ ៕