ខេត្តបាត់ដំបង ៖ លោកមេឃុំគោករកា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅដើមឆ្នាំ២០២៣នេះ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ក្នុងការដឹកនាំសម្រុះសម្រួល និងធ្វើកិច្ចសន្យាព្រមព្រៀងសះជា ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង។

លោក ចិន សំអន មេឃុំគោករកា កាលពីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានមានស្រាសន៍ថា លោកពេញចិត្តនឹងការសម្រេចរបស់លោកក្នុងការចុះកិច្ចព្រមពៀងសះជា និងបញ្ចប់វិវាទ នៅលើដីរបស់លោក ដែលត្រួតលើកុំ្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ។

លោកមេឃុំ បានមានប្រសាស៍ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំនឋៅក្នុងខេត្តបាត់ដំបង បានយកចិត្តទុកដាក់ និងខ្នះខ្នែងស្វែងរកដំណោះស្រាយបញ្ចប់បញ្ហា។

នាពេលថ្មីៗកន្លងមកនេះ រដ្ធបាលស្រុកគាស់ក្រឡ បានបង្កើតគណៈកម្មការថ្នាក់ស្រុកមួយ ដើម្បីសម្របសម្រួលការងារនេះ។

សូមបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនគ្រួសារ បានឯកភាពគ្នាប្រគល់ដីទំហំរាប់សិបហិកតាឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

រាល់ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនៅចំពោះមុខមន្ត្រីមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងតំណាងគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក គឺចែកគ្នាពាក់កណ្តាលម្នាក់ ឬ៥០ភាគរយនៃផ្ទៃដីកាន់កាប់អាស្រ័យផលជាកស្តែង ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។

ការចុះកិច្ចសន្យាសះជា និងបញ្ចប់វិវាទនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់រវាងភាគីតំណាងក្រុមហ៊ុន អេហ្រ្វីខ័លឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd) និងប្រជាពលរដ្ឋ ចាប់តាំងពីដើមខែសីហា ឆ្នាំ២០២២ ក្រោយពីប្រជាពលរដ្ឋប្រាំបួនគ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីទំហំ៣០ហិកតា ស្ថិតនៅក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យម្ចាស់ដើមវិញ ក្រោមបរិយាកាសសប្បាយរីករាយ និងរាប់អានគ្នា ក្នុងនាមជាជាតិសាសន៍ឈាមជ័រដូចគ្នា រស់នៅក្រោមម្លប់សន្តិភាព។

ក្នុងចំណោមអ្នកចុះកិច្ចសន្យាសះជា និងបញ្ចប់ទំនាស់ទាំងនោះ មានលោក ឯម រ៉េត អាយុ៦៨ឆ្នាំ អតីតអភិបាលរងស្រុកគាស់ក្រឡ ដែលមានដីត្រឹមតែមួយហិកតា ស្ថិតនៅភូមិគោករកា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចុះកិច្ចសន្យាសះជា និងបញ្ចប់ទំនាស់ជាមួយភាគីតំណាងក្រុមហ៊ុន ក្រោយពីលោកយល់ឃើញថា វិធីដោះស្រាយវិវាទតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលភាគីតំណាងក្រុមហ៊ុនប្រកាន់យក គឺជាការទទួលយកបាន។

រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងឃុំដូនបា និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រាប់សិបគ្រួសារ បានចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់ទំនាស់លើផ្ទៃដី ហើយពួកគាត់សម្តែងការសប្បាយចិត្ត លែងខ្វល់ឈឺក្បាលរឿងរត់ពឹងអ្នកដទៃ ឬពឹងមេខ្យល់ឲ្យជួយបង្ហិនលុយទៀតហើយ។

យោងតាមឯកសារជាច្រើនបានឲ្យដឹងថា ដីរបស់ក្រុមហ៊ុន អេហ្រ្វីខ័លឈ័រ ហ្រ្គីន ហ្វៀល ដែលមានទំហំជាង៤ពាន់ហិកតា គឺបានទិញដោយចំណាយប្រាក់យ៉ាងច្រើន និងមានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ កាលពីឆ្នាំ២០០៦មកម្លេះ។ ប៉ុន្តែក្រោយមកស្រាប់តែមានជនខិលខូចមួយចំនួន បានញុះញង់ឲ្យពលរដ្ឋចូលកាប់ទន្ទ្រានបំពានលើដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតតុលាការខេត្តបាត់ដំបង ចេញដីកាចាត់ចែងរក្សាការពារក៏ដោយ ក៏ក្រុមជនខិលខូចទាំងនេះ នៅបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។

ក្នុងសកម្មភាពទន្ទ្រានយកដីរបស់ក្រុមហ៊ុនវិនិយោគបរទេស ទាំងបំពានច្បាប់នេះ គេសង្កេតឃើញបុគ្គលម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធា និងបុគ្គលមួយចំនួនទៀត បានគប់គិតគ្នាជាប្រព័ន្ធ ហើយយកដីរបស់ក្រុមហ៊ុនលក់ទៅឲ្យពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នកមកពីស្រុកឆ្ងាយ យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាចរអា ឬញញើតនឹងដីកាចាត់ចែងរក្សាការពាររបស់តុលាកាតបាត់ដំបងឡើយ។

នៅក្នុងវិវាទដីធ្លីនេះ​ អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *